• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-កុមារាវ័យប្រហែល២ខួបម្នាក់បានបាត់បងជិវិត ក្រោមស្នាដៃឪពុកចុង និងម្ដាយបង្កើតរបស់ខ្លួន

សៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាប្ដីប្រពន្ធនឹងគ្នា ពាក់ព័ន្ធករណី ឃាតកម្ម ប្រើប្រាស់ហិង្សាទៅលើកូនខ្លួនឯង រួចព្យាមយាមយកសាកសពទៅកប់នៅក្រោយផ្ទះបម្រុងបិទភស្តុតាងចោល តែត្រូវប្រជាពលរដ្ឋឃើញទាន់ក៏រាយការណ៍ទៅសមត្ថកិច្ច ឈានដល់ការចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនសង្ស័យទាំងពីរនាក់នោះរួមមាន៖ ទី១. ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល , ទី២.ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អ្នកទាំង២នាក់មានទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនសង្ស័យជាម្ដាយរបស់ជនរងគ្រោះ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាមួយឈ្មោះ យិន សុខលីន (ជាប្តីទី៤) ដំបូងឡើយប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះ ផ្លាវ សុចិត្រា ដែលជាជនរងគ្រោះ ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់។ ស្រាប់តែនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង២០:០០នាទី ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល(ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ ដែលស្ថិតនៅជ្រុងខាងត្បូង ពេលនោះកូនក៏ស្រែកយំ ប្តីបាននិយាយថា «អាត្រាស្ងាត់ កុំមាត់ ឆាប់គេង» ប៉ុន្តែកូននៅតែបន្តយំដដែល ទើបប្តី ស្ទុះទៅវាយដើមទ្រូងកូនចំនួនមួយដៃ ដោយប្រើដៃខាងស្តាំ បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំងឡើងៗ ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំង២ចេញ។

បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួនមួយដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាល បន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួនមួយដៃទៀត។ ភ្លាមៗនោះកូនក៏ប្រកាច់ឡើងដកចង្ការមាន់ ហើយស្រ្តីជាប្រពន្ធបានយកភួយទៅដណ្តប់ឱ្យកូន ។ ស្ត្រីជាម្តាយបានបញ្ជាក់បន្តទៀតថា រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ មួយដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថាកូនវាមិនអីទេ។

លុះដល់វេលាម៉ោង៤:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសម្អាតខ្លួន ហើយពាក់ខោរអាវឱ្យកូន។ ទន្ទឹមនោះប្តី ឈ្មោះ យិន សុខលីន បានលើកដៃសំពះ និងនិយាយអង្វរថា «កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត»។ ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូរបង្គន់ក្រោយផ្ទះតែម្តង។

រហូតដល់ម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ច ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង ដោយខ្លួនបានសារភាពថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងតែប៉ុណ្ណោះដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លួនពុំមានកូននៅជាមួយទៀតទេ។

ដោយឡែក តាមចម្លើយរបស់ជនសង្ស័យឈ្មោះ យិន សុខលីន បានសារភាពថា រូបគេធ្លាប់ប្រើហិង្សាលើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ ប៉ុន្តែតាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ រីឯវត្ថុតាងដកហូត ដាវសាំម៉ូរៃ ចំនួនមួយដើម ប្រវែង៧០សង់ទីម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងរៀបចំ សំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕