• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីហឹង្សាបង្កឡើងដោយបុរសជនជាតិចិន វាយអ្នករត់តាក់ស៊ីបណ្ដាលឪ្យរងរបួស ផ្ដើមពីចេញពីរឿងបិទទ្វារឡានខ្លាំងៗ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនជាតិចិនម្នាក់ បញ្ជូនទៅការិយាល័យអាវុធហត្ថ បន្ទាប់ពីជនជាតិចិនខាងលើនោះ បានធ្វើសកម្មភាពជិះរថយន្តតាក់ស៊ី រួចបង្កបញ្ហាដល់អ្នកបើកបរ ព្រមទាំងប្រើហិង្សាវាយអ្នករត់តាក់ស៊ី បណ្តាលឲ្យរងរបួសផ្ទៃមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ទីតាំងកើតហេតុ ស្ថិតនៅក្រោមអគារ THE PEAK ស្ថិតនៅក្នុងមូលដ្ឋាននៃសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តតាក់ស៊ីបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានដឹកជនជាតិចិន៥នាក់ ដោយក្នុងនោះមានជនដៃដល់ម្នាក់ ដោយគាត់បានដឹកជាមួយតាក់ស៊ីរបស់គាត់ ដែលមានម៉ាក តូយូតាព្រូស ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 2BX-2900 ធ្វើដំណើរទៅកាន់អគារ THE PEAK ដែលជាទីតាំងកើតហេតុ។

អ្នកបើកតាក់ស៊ីបន្តថា៖ លុះមកដល់គោលដៅ គាត់បានចតរថយន្ត នៅក្បែរខឿនផ្លូវថ្មើរជើង បន្ទាប់ពីឈប់រថយន្តគិតលុយរួច ជនដៃដល់ក្នុងចំណោមចិនទាំងប៉ុន្មាននាក់ទៀតក្នុងឡាន បានធ្វើសកម្មភាព បើកទ្វារឡានមួយទំហឹង បណ្តាលឲ្យជ្រុលទៅប៉ះខឿនបង្កការខូចខាតដល់ទ្វារឡាន ឃើញដូចនេះគាត់ក៏បានប្រាប់ទៅបុរសចិនម្នាក់នោះថា កុំបើកទ្វារខ្លាំងៗពេក ព្រោះវាអាចប៉ះទង្គិចខូចទ្វារឡានគាត់។

ម្ចាស់តាក់ស៊ីបានបន្ថែមថា៖ និយាយរួច ស្រាប់តែជនជាតិចិនម្នាក់នោះទាញទ្វារបិទវិញ រួចបើកទ្វារម្តងទៀតទាំងកំរោល ចេញទៅក្រៅឡាន ក្នុងគោលបំណងផ្គើនម្ចាស់ឡាន ទើបគាត់ដើរចេញពីឡានសម្តៅទៅរកជនជាតិចិនម្នាក់នោះ ក្នុងគោលបំណងនិយាយអោយច្បាស់ ស្រាប់តែត្រូវជនដៃដល់ម្នាក់នោះក្របួចកអាវគាត់ រួចដាល់គាត់២ដៃចំមុខ បណ្តាលឲ្យរងរបួសតែម្តង។

សូមបញ្ជាក់ថា៖ ដោយសារទីតាំងខាងលើជាទីប្រជុំជន ក្រោយប្រើហិង្សាទៅលើអ្នកបើកតាក់ស៊ី រូបភាពនេះក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ រាយការណ៍ទៅកាន់កម្លាំងអាវុធហត្ថ ដើម្បីជួយអន្តរាគមន៍។ គ្រាន់តែទទួលដំណឹងនេះភ្លាម កម្លាំងអាវុធហត្ថខណ្ឌចំការមនបានចុះមកដល់ទីតាំង ស្រាប់តែជនជាតិចិនដៃដល់ម្នាក់នោះ បានរត់គេចខ្លួនទៅពួន និងព្យាយាមបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានចុងភៅ ក្នុងផ្ទះបាយនៃហាងមួយកន្លែង ដែលមានស្លាកយីហោ HONG SHUANG XI ។

ក្រោយកំណត់មុខសញ្ញាបាន កម្លាំងអាវុធហត្ថបានចុះទៅឃាត់ខ្លួនជនជាតិចិនម្នាក់នោះដល់ក្នុងផ្ទះបាយ នៃហាងខាងលើ ដោយពេលនោះ ជនដៃដល់ស្លៀកពាក់ឯកសណ្ឋានជាចុងភៅ ហើយក្នុងដៃមានកាន់កាំបិតបុ័ងតោថែមទៀតផង ទើបកម្លាំងអាវុធហត្ថប្រើប្រាស់កាំភ្លើងផ្ជង់ដើម្បីអោយជនដៃដល់ ដាក់កាំបិតចុះ និងចូលខ្លួនសហការជាមួយកងកម្លាំង ព្រមទាំងបញ្ជូនខ្លួនទៅកាន់ការិយាល័យអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕