• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សាច់ក្របីបង្កកនាំចូលពី ប្រទេសឥណ្ឌាប្រមាណ៣.៥តោន ត្រូវក្រុមមន្រ្តីជំនាញបង្រាប និងដុតកម្ទេចចោល

ភ្នំពេញ៖សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កក ចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។

មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ៣ គ្រឿង
– សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ
– ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ
– ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕