• Cambodia Peace Channel

ពិតទេ ! Facebook Stories មានអ្នកលេងរហូតដល់ចំនួន៥០០លាននាក់ ជារៀងរាល់ថ្ងៃ

អាមេរិក៖Facebook Stories គឺកំពុងតែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកគ្រប់វ័យទូទាំងពិភពលោក ដែលជារៀងរាល់ថ្ងៃចំនួនអ្នកលេងវាមានរហូតដល់ ៥០០លាននាក់ ។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានថ្លែងថា “Facebook Stories កំពុងតែក្លាយជាទីចាប់អារម្មណ៍ និងកាន់តែសំខាន់ខ្លាំងឡើងចំពោះភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ Facebook និងភាពស្អិតរមួតរបស់វា នៅក្នុងចំណោមមនុស្សគ្រប់វ័យ” ។

Stories ពីដំបូងឡើយបានដាក់ឱ្យដំណើរការនៅក្នុងកម្មវិធី Snapchat ដោយទទួលបានការគាំទ្រក៏បានពង្រីកទៅដល់កម្មវិធី Telegram និងក្រោយមកទៀតទៅដល់ Messenger , WhatsApp ជាបន្តបន្ទាប់ ។ នេះយោងតាមការដកស្រង់ពីគេហទំព័រសារព័ត៌មាន The Verge ផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបថា របាយការណ៍ពីហ្វេសប៊ុក បង្ហាញថា កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ការលេង Facebook Stories បានត្រឹមតែ ៣០០លាននាក់នៃអ្នកប្រើប្រាស់តែប៉ុណ្ណោះ ។

ប៉ុន្តែមកដល់ខែមករា ឆ្នាំ២០១៩ អ្នកលេង Facebook Stories បានកើនឡើងដល់ ៥០០លាននាក់ ហើយមកដល់ពេលនេះចំនួននៃអ្នកលេងអាចនឹងមានការកើនឡើង បើទោះបីជាក្រុមហ៊ុនមិនទាន់បង្ហាញពីរបាយការណ៍ក៏ដោយ ៕

ដោយ៖វីរ៉ា វីន