• Cambodia Peace Channel

៤៖0 នៅ Anfield នៅតែតាមលង Messi ខណៈត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey យប់នេះ

អេស្ប៉ាញ៖ទោះបីរឿងកន្លងហួសជាងពីរសប្តាហ៍ទៅហើយក្តី ក៏ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi នៅតែស្រម៉ៃឃើញកីឡដ្ឋាន Anfield ដែលធ្វើឲ្យរូបគេនិងមិត្តរួមក្រុមមានការឈឺចាប់យ៉ាងខ្លាំង ក្រោយចាញ់ហង្សក្រហម ៤៖០ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UCL ទោះបីជាពេលនេះ ក្រុមអ្នកមានបុណ្យមានភារកិច្ចនៅ Copa del Rey ក៏ដោយ ។

ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ FC Barcelona បាននិយាយថា “ខ្ញុំចង់ឈ្នះពាន Copa del Rey ជាមួយ Barcelona ដើម្បីបន្ធូរអារម្មណ៍ការឈឺចាប់ដោយសារ Liverpool ដែលជារឿងអាក្រក់បំផុតសម្រាប់ខ្ញុំ” ។

តាមការចុះផ្សាយរបស់ BBC ខ្សែប្រយុទ្ធរូបនេះបានលើកឡើងថា ការឈ្នះពាន Copa del Rey នឹងជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បញ្ចប់រដូវកាលនេះ ។ ក្នុងនោះ Messi ក៏បានរំលឹកកាលប្រកួតចាញ់ Roma ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champion league រដូវកាលមុនផងដែរ ដែលនេះអាចជាស្រមោលអន្ទោលតាមប្រាណនៃការឈឺចាប់មួយនេះ ។

សូមរម្លឹកថា ក្លិប FC Barcelona នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្លិប Valencia នៃពានរង្វាន់ Copa del Rey នៅយប់នេះ វេលាម៉ោង ២៖០០ រំលងអាធ្រាត្រ ៕

ដោយ៖ស្រ៊ីប ឡានី