• Cambodia Peace Channel

ដាវ នីម៖ សមត្ថភាពយើងអត់ដល់គេ ប៉ុន្តែសប្បាយចិត្តចំពោះការផ្តល់ឱកាសរបស់គ្រូ

ភ្នំពេញ៖កីឡាករ ដាវ នីម ជាខ្សែប្រយុទ្ធកម្ពុជាក្រោម មួយរូបកំពុងមានភាពលេចធ្លោរនៅលីគកម្ពុជា ហើយខ្សែប្រយុទ្ធរូបនេះ ត្រូវបានគ្រូបង្វឹកលោក Felix Dalmas ចាប់អារម្មណ៍ហៅចូលជុំរំហ្វឹកហាត់ជម្រើសជាតិនៅវគ្គជម្រុះជុំទី១ នៃបាល់ទាត់ពិភពលោក នៅកាតា កន្លងទៅ ប៉ុន្តែត្រូវបានកាត់ឈ្មោះចេញវិញ។

ទាក់ទងកាត់ចេញពីជុំរំហ្វឹកហាត់នៃក្រុមជម្រើសជាតិកន្លងទៅ ខ្សែប្រយុទ្ធកម្ពុជាក្រោម បានបញ្ជាក់ថា”អត់មានអន់ចិត្តអីទេ ព្រោះសមត្ថភាពយើងអត់ដល់គេ ប៉ុន្តែសប្បាយចិត្តចំពោះការផ្តល់ឱកាសរបស់គ្រូ។ ក្រោយពេលប្រកាសបញ្ជីចុងក្រោយ គាត់ប្រាប់ខ្ញុំពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្ញុំ ដែលគាត់បានមើលឃើញ ហើយផ្តាំខ្ញុំឲ្យខំប្រឹងប្រែងបន្ថែមទៀត”។

ខ្សែប្រយុទ្ធគិរីវង់រូបនេះបន្តទៀតថា គាត់ឲ្យខ្ញុំមើលវីឌីអូតាម យូធូប ហើយហ្វឹកហាត់តាមគេ ដើម្បីឲ្យខ្ញុំអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន ជួយក្លិបរកលទ្ធផលល្អ និងត្រៀមសម្រាប់ការរើសកីឡាករជម្រើសជាតិលើកក្រោយទៀត។
នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ។
សូមជម្រាបថា ខ្សែប្រយុទ្ធកម្ពុជាក្រោមកីឡាករ ដាវ នីម បានក្លាយជាកីឡាករមួយរូបគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ក្រោយបង្ហាញខ្លួនឲ្យក្លិបគិរីវង់ បានយ៉ាងល្អ៕

ដោយ៖ស្រ៊ីប ឡានី