• Cambodia Peace Channel

Paul Pogba ប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង ក្រោយប្រធានាធិបតីបារាំងថ្លែងសារប្រមាថដល់សាសនាឥស្លាម

ប៉ារីស៖ខ្សែបម្រើរបស់ក្លិបបាល់ទាត់បិសាចក្រហម មេនឆិស្ទើយូណាយធីត និងក្រុមបាល់ទាត់ជម្រើសជាតិបារាំងកីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថា បានចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបន្ទាប់ពីលោកប្រធានាធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង បានធ្វើការថ្លែងសារប្រមាថដល់ព្យាការី មូហាម៉ាត់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកកាន់សាសនាឥស្លាមនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃទី២៦ ខែតុលា។

ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ាបានធ្វើការចុះផ្សាយព្រោងព្រាតថា Pogba បានធ្វើការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង ដែលសារមួយជាការរើសអើងជាតិសាសន៍ ប្រមាថព្យាការី មហាម៉ាត់ កាលពីថ្ងៃសុក្រកន្លងទៅ។

គេជឿជាក់ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងប៉ះពាល់យ៉ាងខ្លាំងទៅលើអ្នកកាន់សាសនាឥស្លាមនៅប្រទេសបារាំង និងនៅលើពិភពលោក មិនថាតែកីឡាករបាល់ទាត់ Paul Pogba នោះឡើយ។

គួរជម្រាបថា នៅក្នុង​ពិធីបុណ្យគោរព​វិញ្ញាណក្ខន្ធ លោក​គ្រូ Samuel Paty កាលពីថ្ងៃសុក្រកន្លងទៅ លោកប្រធានាធិបតី​បារាំង​បាន​បញ្ជាក់ថា “បារាំង នឹង​មិន​បោះបង់​ចោល​ទម្លាប់គូររូបត្លុកនោះទេ”។

គឺពាក្យ​ថា បារាំង “មិនឈប់​គូររូបត្លុក”​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់សាសនាឥស្លាមនៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ និងនៅលើពិភពលោកខឹងមិន​សប្បាយចិត្ត និង​បាន​ប្រកាស​ធ្វើ​ពហិការ មិន​ទិញទំនិញ​បារាំង។ តួកគី អ៊ីរ៉ង់ ហ្សកដានី កាតា និង​កូវ៉ែត​ធ្លាប់​បាន​ចេញមុខ​បរិហាររិះគន់​ការចុះផ្សាយ រូបត្លុក ព្យាការីមហាម៉ាត់ដែល​មាន​ប្រភព​ដើម​ចេញពី​កាសែតបារាំង Charlie Hebdo។

អង្គការ​​សហប្រតិបត្តិការ​ឥស្លាម OIC ដែល​ប្រមូលផ្តុំ​ប្រទេស​​កាន់សាសនា​ឥស្លាម បាន​សំដែង​ការសោកស្តាយ ដោយសារ​តែ​សំដី​របស់​អ្នកទទួល​ខុសត្រូវ​បារាំង មួយ​ចំនួន នឹង​អាច​ប៉ះពាល់​ដល់ទំនាក់ទំនង បារាំង និងប្រទេសកាន់សាសនាឥស្លាម។

នៅ​ប្រទេស​កាតារ ក្រុមហ៊ុន​ទទួល​លក់​ផលិតផល​បារាំង បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​ផលិតផល​បារាំង ចេញពី​កន្លែងតាំងលក់ រហូត​ដល់​មានការសម្រេចថ្មី។ សកលវិទ្យាល័យ នៅ​កាតារ​បាន​បញ្ជាក់ដែរថា ខ្លួន​ត្រូវ​ផ្អាកព្យួរ ព្រឹត្តិការណ៍​វិប្បធម៌​បារាំង ដោយសារ​សំដី​របស់​បារាំង បាន​ទៅ​ប៉ះពាល់អ៊ីស្លាម និង​និមិត្តរូប​របស់ឥស្លាម។

ទោះជាយ៉ាងណា មកទល់ពេលនេះទាំង Pogba និងសហព័ន្ធបាល់ទាត់បារាំង (FFF) មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការស្តីពីបញ្ហានេះនៅឡើយទេ៕