• Cambodia Peace Channel

ពលរដ្ឋ​២៩២គ្រួសារ​ ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​សម្តេច​តេជោ​ និង​ ក្រសួង​ដែនដី​ សុំ​អន្តរាគមន៍​ប្រឆាំង​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​

ភ្នំពេញ​៖​តំណាង​ប្រជាពលរដ្ឋ​ទាំង​២៩២គ្រួសារ​ នៅ​ថ្ងៃទី​២៥​ ខែ​មិថុនា​ នេះ​ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ និង​ លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ប្រឆាំងនឹង​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​សៀង​ ចាន់​ហេង​ ។

ករណី​នេះ​ លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ ស្នើ​បើក​វេទិកា​សាធារណៈ​មួយ​ ដើម្បី​តតាំង​គ្នា​ចំពោះ​មុខ​ច្បាប់​ ។

លោក អ៊ី​ វណ្ណា​ តំណាងពលរដ្ឋ​ និយាយ​ថា ពលរដ្ឋ​មក​សុំ​ការ​អន្តរាគមន៍​នា​ពេល​នេះ​ មិនមែនក្នុងន័យនយោបាយឡើយ ហើយសូម​កុំ​លាប​ពណ៌​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ជាមួយ​ក្រុម​ហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ជាង​១០ឆ្នាំ​មក​ហើយ​នោះ​ ។ គោលបំណង​ពិតប្រាកដ​នា​ពេល​នេះ​ គឺ​ស្នើ​សុំ​សម្ដេចតេជោ និង​ លោក​ទេសរដ្ឋមន្រ្តី​ជា​ សុផារ៉ា​ មេត្តារកយុត្តិធម៌​ពិតប្រាកដដល់ពលរដ្ឋចំនួន២៩២គ្រួសារ ដែលគាំទ្រសម្ដេចជារៀងរហូតមក ។

លោកបន្តថា ក្រុមពលរដ្ឋចង់​ឱ្យ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ​និង​ លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ ជួយ​រក​យុត្តិធម៌​ ដើម្បី​បញ្ចប់​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរលើទំហំដីចំនួន​៤៥០ហិចតា​ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និង ឃុំកណ្តោក ,​ ឃុំ​ជើង​កើប​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ដែល​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ ត្រូវ​បាន​រាំងស្ទះ​ដោយសារ​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ ។

ប្រជាពលរដ្ឋ​ និយាយ​ថា​ ពួកគាត់​បានមកអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម៉្លេះ ​ហើយក្រោយមកមាន​កំណើន​ច្រើនសរុប២៩២គ្រួសារ គឺ នៅឆ្នាំ១៩៩៣ ។

នៅឆ្នាំ២០០៤ ស្រាប់​តែក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង មកប្ដឹងពួក​គាត់​​ថា បានកាន់កាប់ដីរបស់ក្រុមហ៊ុនដោយខុសច្បាប់ តែតុលាការខេត្តកណ្ដាល កាត់ក្ដីឱ្យពលរដ្ឋឈ្នះក្ដីនេះ នៅឆ្នាំ២០០៦ ។

រយៈពេលជិតមួយឆ្នាំបន្ទាប់មក​ ស្រាប់តែមានលិខិតមក​បញ្ជាក់​ជា​ថ្មីថា ដីនេះ ជាកម្មសិទ្ធិរបស់លោកស្រី​ឧកញ៉ា​សៀង ចាន់ហេង ទៅវិញ ។

មកដល់ឆ្នាំ២០០៩ ក្រុមហ៊ុនបានយក​កម្លាំង​អាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ អមជាមួយគ្រឿងចក្រធុនយក្ស បានមក​កម្ទេច​ដំណាំរបស់ពួកគាត់ ភ្លាម​នោះក៏មានការតវ៉ាបានកើតឡើង ភ្លាមនោះដែរ ស្នូរកាំភ្លើងបាញ់រះតម្រង់មកប្រជាជន បណ្ដាលឱ្យមនុស្សរបួសពីរនាក់ ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​បាន​ផ្អាក​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ព្រោះ​តែ​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ បាន​រំលោភ​លើ​ដី​នេះ​យ៉ាង​កម្រោល​ ដែល​ធ្វើ​ជីវភាព​របស់​ពួក​យើង​ខ្ញុំ​ ខ្សត់ខ្សោយ​ ព្រោះ​តែ​មិន​អាច​អាស្រ័យ​ផល​លើ​ដី​ទាំង​នេះ​បាន​ឡើយ​ ។

ក្រុម​ប្រជាពលរដ្ឋ​ ជឿជាក់​និង​សង្ឃឹម​យ៉ាង​មុតមាំ​ ថា​ ​សម្តេចតេជោ ពិត​ជា​អាច​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​បាន។

ពាក់ព័ន្ធ​ករណី​នេះ​ នៅ​ថ្ងៃទី​២៥​ ខែ​មិថុនា​ លោក​ស្រី​ ឧកញ៉ា​ សៀង​ ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ បដិសេធ​ការ​ចោទប្រកាន់​នេះ​ ។

លោក​ស្រី​ អះអាងលើបណ្ដាញសង្គមហ្វេសប៊ុក​ ថា ក្រុមហ៊ុន​យើងកំពុង​រៀបចំលិខិតស្នើសុំក្រសួងដែនដី​នគរូបនីយកម្ម​និង​សំណង់​ ​សុំបើកវេទិការ​សាធារណៈ​មួយដើម្បីតតាំងគ្នាចំពោះមុខ ដោយយុតិធម៌​ បើសិនជារកឃើញថា​ ក្រុមហ៊ុន​រំលោភយកដីប្រជាពលរដ្ឋ​២៩២គ្រួសារ​នោះក្រុមហ៊ុន​សុខចិត្តទទួលទោសចំពោះមុខច្បាប់​ ។ ប៉ុន្តែបើការរកនោះពុំឃើញថាក្រុមហ៊ុនរំលោភដីប្រជាជន​២៩២ គ្រួសារ​នោះទេ​ សូមច្បាប់មេត្តា​ផ្តល់ត្រឡប់មកវិញ​នូវកិត្តិយស​ ​និង​ សេចក្តីថ្លៃថ្នូរ​ដែលត្រូវបានក្រុម​២៩២ គ្រួសារនេះបានបំផ្លាញ​ ៕

Leave a comment

Your email address will not be published. Required fields are marked *