• Cambodia Peace Channel

CPC-ក្រុមក្មេងស្ទាវជាង៣០០នាក់ ត្រូវបាននគរបាលធ្វើការអប់រំ បន្ទាប់ពីនាំគ្នាប្រមូលផ្តុំនៅក្នុងទីក្រុងកោះពេជ្រ

ភ្នំពេញ៖ ក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះឃាត់ខ្លួន និងធ្វើការអប់រំ បន្ទាប់ពីពួកគេនាំគ្នាប្រមូលផ្តុំនៅក្នុងកោះពេជ្រ កាលពីវេលាម៉ោង០០និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ទីតាំងខាងលើស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវប្រុសស្រី សុទ្ធតែជាយុវវ័យ អាយុប្រមាណ១៧ ១៨ឆ្នាំ បាននាំគ្នាជិះម៉ូតូឡើងមកកោះពេជ្រ ព្រមទាំងបាននាំគ្នាប្រមូលផ្តុំយ៉ាងច្រើនកកកុញ ដោយទិដ្ឋភាពនេះបានធ្វើអោយប្រជាពលរដ្ឋ ឬអ្នក់នៅតំបន់នោះមានការភ័យខ្លាចពួកគេអាចបង្កបញ្ហាអសន្តិសុខ ឬអសណ្តាប់ធ្នាប់កើតឡើង។

លុះដល់ម៉ោង០០រំលងអធ្រាត្រ គេបានឃើញកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមទាំងរដ្ឋបាលខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនក្រុមយុវជនទាំងអស់នោះផងដែរ។ បន្ទាប់មក សមត្ថកិច្ចបានអោយពួកគេឈរតម្រង់ជួរគ្នា រួចរាប់ចំនួនមនុស្សឃើញថាចំនួនសរុប២៤៥នាក់ ខណៈមនុស្សស្រីមានចំនួន៣៥នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿងផងដែរ។

យុវជនប្រុសស្រីទាំង២៤៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចដោះលែងអោយត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីធ្វើការអប់រំណែនាំ ដោយអោយពួកគេចេញម្តង៥ម៉ូតូ ដោយ មិនអោយមានការជួបជុំគ្នាច្រើននោះទេ ព្រោះវាអាចបង្កផលអាក្រក់ បើសិនជាពួកគេមានទំនាស់ពាក្យសម្តី នឹងអាចឈានដល់ការប្រើហិង្សា ឬបញ្ហាអសន្តិសុខផ្សេងៗ អាចនឹងងាយកើតមានឡើងផងដែរ។

គួរបញ្ជាក់ថា៖ ទន្ទឹមនិងការអប់រំនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យម៉ូតូរបស់ពួកគេ ឃើញថាមានម៉ូតូចំនួន១១គ្រឿង មិនត្រឹមត្រូវគ្រប់លក្ខណៈដោយក្នុងនោះមាន ចំនួន០៤គ្រឿងពុំមានស្លាកលេខ និង៧គ្រឿងមិនមានឯកសារគ្រប់គ្រាន់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរយៈពេល១សប្តាហ៍ ទើបអនុញ្ញាត្តអោយពួកគេមកទទួលម៉ូតូវិញដោយបំពេញឯកសារអោយបានត្រឹមត្រូវ។

ទន្ទឹមនិងនេះ កម្លាំងអន្តរាគមន៍ពិសេស និងរដ្ឋបាលខណ្ឌចំការមន រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការទូន្មាន និងអប់រំក្រុមយុវជនប្រុសស្រីទាំងនោះ ដោយលើកឡើងពីបញ្ហាផ្សេងៗ ជាពិសេសថ្មីៗនេះគេឃើញមានករណីហិង្សារវាងក្មេងស្ទាវ២ក្រុម ដេញកាប់គ្នានិងបណ្តាលឲ្យយុវជនម្នាក់បាត់បង់ជីវិតថែមទៀតផង។ ដូច្នេះហើយទើបសមត្ថកិច្ចដាក់កម្លាំងចុះអនុវត្តន៍ការត្រួតពិនិត្យបែបនេះ ដោយមិនចង់អោយមានបញ្ហាបែបនេះកើតឡើងទៀតនោះទេ៕