• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់នៅបរិវេណប្រាសាទតាព្រហ្មកិល

ភ្នំពេញ៖បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត ដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ មានគ្រប់រចនាសម្ព័ន្ធទាំងខ្លោងទ្វារ កំពែង និងស្រះទឹកជាដើម។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបានឱ្យដឹងថា នៅពេលបញ្ចប់ការជួសជុលប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មកិល ក្រុមអ្នកជំនាញមិនបានបញ្ឈប់សកម្មភាពនៅទីនេះឡើយ ពោលគឺកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិលបន្តទៀត ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។
បន្ទាប់ពីផែនការជួសជុល និងរៀបចំ នៅតាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទតាព្រហ្មកិលកាន់តែច្រើន ព្រោះទីនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ៕