• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សត្វជ្រឹងរាប់ពានក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមមែកឈើជាប់ស្ទឹងសង្កែ ទាក់ទាញភ្ញៀវទេសចរ មកមើលជារៀងរាល់ថ្ងៃមិនដែលដាច់

បាត់ដំបង៖សត្វជ្រឹងរាប់ពានក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមមែកឈើ នៃដើមឈើបួនដើម ជាប់ស្ទឹងសង្កែ ខាងលិចវត្តបាយដំរាំ ជិតស្ពានបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ១៤គ.ម តាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់។

សត្វជ្រឹងទាំងអស់នោះ មករស់នៅទីនេះ យូរណាស់មកហើយ បើតាមសំដី លោកហឿន សុផល ជាអ្នករស់នៅតំបន់នេះ បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ ដោយនៅរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារទើប ពួកវាក៏បានប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែរបងវត្តរហូតដល់សព្វថ្ងៃនេះ។

ជាពិសេសនៅពេលធ្វើដំណើរឆ្លងកាត់ស្ពានបាយដំរាំពីទិសខាងលិច សំលឹងមើលទៅដើមឈើបួនដើមដែលនៅខាងមុខ នឹងឃើញសត្វជ្រឹងជាច្រើន កំពុងដេកនៅលើដើមឈើ ប៉ក់ស្លាបរវិចៗ ដូចស្លឹកឈើត្រូវខ្យល់ប៉ក់ ។លក្ខណៈនៃការរស់នៅ របស់សត្វជ្រឹងទាំងនោះ ពិតវាមានភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា (ពិសេសទេសចរអន្តរជាតិ) ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកនិងតោងមែកឈើ ត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ ហើយរូបរាងវាគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។

គួរបញ្ជាក់ផងដែរថា សត្វជ្រឹង ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើររកចំណីនៅពេលយប់ និងស៊ីផ្លែឈើជាអាហារ (ពិសេសផ្លែឈើមានក្លិនក្រអូប)។ដោយសារលក្ខណៈទាក់ទាញនៃសត្វជ្រឹងទាំងអស់នោះហើយ ទើបមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកមើលជារៀងរាល់ថ្ងៃមិនដែលដាច់។ សូមចូលរួមក្នុងអភិរក្សសត្វជ្រឹងទាំងនោះ ដើម្បីទុកជាផលិតផលទេសចរណ៍ធម្មជាតិដ៍កំរមួយ សម្រាប់ការទស្សនារបស់ទេសចរ ៕