• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធ សត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់សាធារណជនមេត្តាជ្រាបថា លោក គ្រី ប៉ះផលប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនោះទេ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ប៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ការចាប់ខ្លួនដោយអយុត្ដិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គី ប៉ះផលត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។

នៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់មន្ត្រីរាជការស្អាតស្អំ។ ក្រសួងក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធផ្សេងទៀត រួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងវ៉ាស៊ីងតោន និងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញូយ៉ក ព្រមទាំងសហការី ក៏ដូចជាមេធាវី និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានរួមចំណែកសហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជាជីវៈ រហូតទទួលបានយុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់សាធារណជន និងសារព័ត៌មានជ្រាបថា នៅក្នុងសំណុំរឿងរបស់លោក គី ប៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណងគោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្ដីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរ
កម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ជារួម ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មានគ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារនៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។

មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។បើទោះបីជាមានការបញ្ជាក់ម្ដងហើយម្ដងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថាឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញសត្វស្វាក្តាមនេះនៅតែបន្តកើតមាន។

ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ប៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះលោក គី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការអាមេរិក។ ជាមួយគ្នានេះ ក្រសួងសូមថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។ចំណែកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្រ្តី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថាមន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ៕