• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ធ្លាក់ពីលើអគារ M-RESIDENT បណ្ដាលឪ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

រាជធានីភ្នំពេញ៖ បុរសវ័យប្រមាណជាង៣០ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ទីតាំងកើតហេតុស្ថិតនៅផ្លូវលេខ ២៨៨ ស្ថិតនៅចំណុចអគារមួយកន្លែង ដែលមានស្លាកយីហោ M-RESIDENT ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ បានស្តាប់លឺសម្លេងស្រែក មួយសន្ទុះក្រោយមកក៏លឺសម្លេងដូចមានអ្វីធ្លាក់លើដំបូលស័ង្កសី នៃផ្ទះវីឡាមួយកន្លែង ដែលស្ថិតនៅទល់ខ្នងគ្នាជាមួយអគារកើតហេតុ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ដំណឹងនេះ ទៅកាន់សមត្ថកិច្ច ដោយគេសង្ស័យមានមនុស្សធ្លាក់ពីលើអគារ ទើបរាយការណ៍ដំណឹងនេះជូនសមត្ថកិច្ច ដើម្បីចុះមកធ្វើការអន្តរាគមន៍។

លុះដល់ម៉ោង១១និង៥០នាទី គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការសាកសួរម្ចាស់ផ្ទះដែលគេសង្ស័យមានមនុស្សធ្លាក់លើដំបូលផ្ទះនោះ ទើបដឹងថាពិតជាមានមនុស្សធ្លាក់ពិតមែន ទើបមួយសន្ទុះធំក្រោយមក សមត្ថកិច្ចបានទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីចុះមកទីតាំងកើតហេតុ ទទួលយកអ្នករបួសម្នាក់។

មនុស្សដែលបានធ្លាក់ពីលើអគារមកទើរលើដំបូលសង្ក័សីនៃផ្ទះខាងលើនោះ ជាបុរសបរទេស ស្បែកខ្មៅ មានវ៏យប្រមាណជាង៣០ឆ្នាំ បានរងរបួសធ្ងន់ខ្លាំង ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឲ្យបុរសបរទេសខាងលើនោះធ្លាក់ពីលើអគារមកក្រោម ព្រមទាំងអនុវត្តតាមនីតិវិធី និងជំនាញផងដែរ៕