• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឪ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក កាមរី បាឡែន ពណ៌ទឹកប្រាក់ ដែលមានស្លាកលេខ កោះកុង 2A-1888 បើកបរដោយបុរសម្នាក់ សង្ស័យស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រា បានបើកបរក្នុងល្បឿនលឿនពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចស្តុបទី១ ក្នុងកោះនរា រថយន្តក៏បានរេចង្កូតទៅឆ្វេង បុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឲ្យក្រឡាប់ជាច្រើនជុំ។ បន្ទាប់មកបុរសជាអ្នកបើកបររថយន្តក៏បានជ្រុះបាត់សម្ភារៈប្រើប្រាស់របស់ខ្លួន ដោយក្នុងនោះមានអាវុធប្រភេទកាំភ្លើងខ្លី១ដើម ទូរស័ព្ទ១គ្រឿង និងវិទ្យុទាក់ទង (អាយឌី) ១ដើម រកមិនឃើញ ក៏ពឹងប្រជាពលរដ្ឋ និងសន្តិសុខនៅក្នុងកោះនរា អោយជួយក្រឡាប់រថយន្តមកសភាពដើម ដើម្បីរកសម្ភារៈរបស់គាត់ឃើញវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕