• Cambodia Peace Channel

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ចោទ​ប្រកាន់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ឃុបឃិត​ជា​ប្រព័ន្ធ​យក​ដី​ខ្លួន​លក់ទៅ​ឱ្យ​លោក​ស្រី​ លឹម​ វណ្ណា​

ភ្នំពេញ​៖​អតីត​អភិបាល​រង​ខេត្ត​ព្រះវិហារ​និង​បច្ចុប្បន្ន​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ លោក​ មាស​ សាវឿន​ ចោទប្រកាន់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​យក​ដី​របស់​ខ្លួន​ប្រគល់​ជូន​លោក​ស្រី​លឹម​ វណ្ណា​ ។ ប៉ុន្តែ​អាជ្ញាធរ​ បដិសេធ​ការ​ចោទប្រកាន់​នេះ​ ហើយ​ការ​វាស់វែង​ដី​ធ្វើ​កំណត់​ហេតុ​ជូន​ម្ចាស់​បំណុល​ក៏​ចប់​សព្វគ្រប់​ហើយ​ដែរ​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ថ្ងៃទី​២៥​ ខែ​មិថុនា​ លោក​ មាស​ សាវឿន​ អះអាងថា​ ដីរបស់លោកដែល​មានទំនាស់គឺមានទំហំក្បាល១០០ម៉ែត្រនិងបណ្តោយ ២០០ម៉ែត្រស្ថិតនៅភួមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដែលឈ្មោះលឹម អាន ឃុបឃិតជាមួយអាជ្ញាធរលួចយកដីរបស់លោក លក់ទៅ​ឱ្យ​លោក​ស្រី​ លឹម វណ្ណា ។

លោក​រៀបរាប់​ថា​ លោក​បានកាន់កាប់ដីនេះ​តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ​ ដោយ​បានធ្វើស្រែនៅលើដីនេះ រហូតដល់ឆ្នាំ១៩៩២ ដែល​អភិបាលរាជធានីភ្នំពេញជំនាន់នោះ គឺលោក ជា សុផារ៉ា បានរៀបចំនៅតំបន់នេះ ជាតំបន់​អភិវឌ្ឍន៍​ ។ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ដល់ដីរបស់លោកទេ ។

ក្រោយមកទៀត លោក កែប ជុតិមា ឡើងជាអភិបាលរាជធានីភ្នំពេញ បានរៀបចំមន្ត្រីជំនាញ​ឱ្យ​វាស់វែងដីធ្លីក្នុងភូមិសាស្ត្រក្នុងតំបន់នេះ រហូតដល់ប៉ះពាល់ដីប្រជាពលរដ្ឋនិងដីរបស់លោកដែរ ទើប​គណៈកម្មការ​ដោះស្រាយដីធ្លីខណ្ឌ​ឫស្សីកែវជូនដំណឹងឱ្យ​ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីសូម យកឯកសារទៅដាក់នៅការិយាល័យដោះស្រាយទំនាស់ដីធ្លីឫស្សីកែវ ។

លោកបានយកឯកសារបញ្ជាក់អំពីការកាន់កាប់ដីរបស់លោកទៅ​ឱ្យ​មន្ត្រី​ការិយាល័យដោះស្រាយដីធ្លីពិនិត្យ ។ ក្រោយពីបានពិនិត្យលើឯកសាររបស់លោកត្រឹមត្រូវ គណៈកម្មការ​ដោះស្រាយដីឫស្សីកែវ កាលពីពេលនោះ គឺបានចុះហត្ថលេខាទទួលស្គាល់យ៉ាងច្បាស់ទៀតផងដែរ ។

ក្រោយមកនៅឆ្នាំ២០០៣ដោយសារទំនាស់ដីធ្លីនៅទីនេះកាន់តែក្តៅឡើងទើបលោកបានប្តឹងដល់តុលាការ រដ្ឋសភា ព្រឹទ្ធសភា ឱ្យ​ដោះស្រាយភាពអយុត្តិធម៌របស់លោកបន្ថែម​ទៀត ។ ដោយបានពិនិត្យឯកសាររបស់ លោកត្រឹមត្រូវទើបតុលាការ​នៅពេលនោះបានចេញដីការការពារ​ឱ្យ​ខ្លួន​នេះជាម្ចាស់ដី សម្រាប់កាន់កាប់លើដីនេះ ។

ប៉ុន្តែ​ដោយលោកបានផ្លាស់ប្តូរតួនាទីទៅធ្វើជាអភិបាលរងខេត្តព្រះវិហារ លោកបាន​ឱ្យ​លោកស្រីថាច់ ស៊ីសាម៉ា ជួយមើលថែដីនេះពីព្រោះលោកស្រីកាលពីមុនជាអ្នកធ្លាប់ធ្វើស្រែ​ឱ្យ​ខ្លួន​នៅលើដីនេះ ។

លោកមាស សាវឿន​ បញ្ជាក់ថា ដោយសារលោកស្រីថាច់ ស៊ីសាម៉ាជាអ្នកមើលថែដីនេះ គាត់មានជីវភាពខ្វះខាត​ ។ ដូច្នេះត្រូវចំណាកស្រុក​ទៅធ្វើការនៅទីកន្លែងផ្សេងដោយពុំសូវបានយកចិត្តទុកដាក់មកមើលថែនោះទេ ដែលជាហេតុធ្វើឱ្យ​ឈ្មោះ លឹម អាន ហៅអូន​ ដែលធ្លាប់មានដីជាប់នៅព្រំព្រទល់ខាងលិច​ ។ ប៉ុន្តែបានលក់ឱ្យឈ្មោះកុក អាន អស់ហើយថែមទាំងបានរំលោភ យកដីរបស់​ខ្លួន​លក់ទៅលោកស្រី​ លឹម វណ្ណា ។

លោកមាស សាវឿន​ អំពាវនាវឱ្យអាជ្ញាធរ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយរកយុត្តិធម៌ដល់រូបលោក ដែលត្រូវគេ រំលោភបំពានយកដីធ្លីទាំងមាន​ឯកសារកាន់កាប់ដីធ្លីគ្រប់គ្រាន់នេះផង​ ។

គួរ​បញ្ជាក់​ថា​ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ កន្លង​ទៅ​ រដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំ​គណៈកម្មការ​ចម្រុះចុះទៅវាស់វែង និងបោះបង្គោលព្រំដីជូនលោកស្រី លឹម វណ្ណា ដើម្បីចូលកាន់កាប់ និងធ្វើការបើកផ្លូវលេខ១៧៣១ និងផ្លូវលេខ១៧៣៣ តាមប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ៕

Leave a comment

Your email address will not be published. Required fields are marked *