• Cambodia Peace Channel

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និយាយថា គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជនបរទេស

ភ្នំពេញ ៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា​ គ្រឿងញៀនធំៗ​ ឆ្លងកាត់ចូលមកកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជន​បរទេស

លោក​ឧបនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ នៅក្នុងទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកោះពេជ្រ ។

លោកថា កម្ពុជាបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាង ៦៤គីឡូក្រាម ដែលរឹបអូសបាន ពីក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននាពេលកន្លងទៅ ។

លោក កែ គឹមយ៉ាន បានបន្តថា បញ្ហាគ្រឿងញៀនមិនថមថយទេ មានតែរឿងស្មុគស្មាញច្រើនឡើង ខណៈការ​លួចលាក់ចរាចរឆ្លងកាត់ចូលមកកម្ពុជា គឺចេញពីតំបន់ផ្សេងៗនៃពិភពលោក រួមមានដូចជា តំបន់អាមេរិកខាងត្បូង តំបន់អាហ្វ្រិក តំបន់អឌ្ឍច័ន្ទមាស តំបន់ត្រីកោណមាស ..ល.. ។

គួរជម្រាប​ថា រយៈពេល៥ខែ ដើមឆ្នាំ២០១៨ នេះ កម្ពុជាបាន​បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨៧០ករណី ចាប់ខ្លួនជនសង្ស័យចំនួន៥៧០២នាក់ និងរឹបអូសគ្រឿងគ្រប់ប្រភេទ បានចំនួន៩៣គីឡូក្រាម១៩៨ក្រាម។

រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន៩៣៦៤នាក់និងបានផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនចំនួ៧០៥៦នាក់ គឺស្មើនឹង ៧៥,៣៥ភាគរយ​ នៃអ្នកប្រើប្រាស់និងអ្នកញៀន ៕

Leave a comment

Your email address will not be published. Required fields are marked *