• Cambodia Peace Channel

ពលរដ្ឋ​ខណ្ឌ​ដង្កោ​ទទួល​អំណោយ​កាកបាទក្រហម​កម្ពុជា​ ,​ អភិបាលខណ្ឌ​ នុត​ ពុធ​ដារ៉ា​ ប្រាប់​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​

ភ្នំពេញ​៖លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ​នាំ យកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃស។

អំណោយដែលចែកជូននេះ​ គឺ​ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ទឹកត្រី០១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ១០មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។ ក្នុងនោះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្ឫឬស្សីសាញ់បានឧបត្ថម្ភបន្ថែម នូវគ្រឿងឧបភោគបរិភោគ ក្នុង០១គ្រួសារ០១កញ្ចប់ផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើឱ្យ​បងប្អូនទាំងអស់ ពិសេសលោកតាលោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការ អភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត៕

Leave a comment

Your email address will not be published. Required fields are marked *