• Cambodia Peace Channel

FIFA ចុះហត្ថលេខាជាមួយសមាគមកីឡាបាល់ទាត់ចិន ដើម្បីពង្រឹងវិស័យបាល់ទាត់

ចិន៖សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថាFIFA និងសហព័ន្ធបាល់ទាត់ចិន បានយល់ព្រមចូលរួមជាកម្លាំងដើម្បីទាញយកសក្តានុពលនៃការប្រកួតបាល់ទាត់នៅប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក។

ប្រធាន FIFA លោក ហ្គាន់នី អ៊ីនហ្វាន់តីណូ និងប្រធានស្តីទីសមាគមកីឡាបាល់ទាត់ចិន លោក ឌូ ហ្សូសៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៅទីស្នាក់ការកណ្តាលរបស់ FIFA នៅទីក្រុង Zurich។

លោក អ៊ីនហ្វាន់តីណូ បានលើកឡើងថា«វាត្រូវតែជាអាទិភាពរបស់ FIFA ដើម្បីធានាការប្រកួតដ៏មានប្រជាប្រិយភាពបំផុតរបស់ពិភពលោកដែលកំពុងរក្សា និងភាពរីកចម្រើននៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើលោក»។

នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឲ្យ FIFA និងឆន្ទៈសមាគមកីឡាបាល់ទាត់ចិន ធ្វើការរួមគ្នាដើម្បីពង្រឹងរចនាសម្ព័ន្ធកីឡាបាល់ទាត់ ការគ្រប់គ្រង់ និងបច្ចេកទេសពាក់ព័ន្ធនឹងបាល់ទាត់នៅប្រទេសចិន។

យ៉ាងណាក៏ដោយលោក ឌូ ហ្សូសៃ ដែលជាសមាជិកក្រុមប្រឹក្សាថ្មីរបស់ FIFA បានបញ្ជាក់ថា«ប្រទេសចិនប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកីឡាបាល់ទាត់ពិភពលោក និងមានឆន្ទៈចូលរួមវិភាគទានក្នុងការបញ្ចូលគ្រួសារបាល់ទាត់អន្តរជាតិ»។

លោកបន្តថា យើងនឹងរង់ចាំការគាំទ្រជាបន្តបន្ទាប់ពីFIFA សម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់ និងជម្រុញការអភិវឌ្ឍបាល់ទាត់ទូទាំងពិភពលោកបន្ថែមទៀត៕

ដោយ៖ស្រ៊ីប ឡានី