• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ នៅខែកុម្ភ:ខាងមុខនេះ

ភ្នំពេញ៖ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។
ព្រឹត្តិការណ៍នេះធ្វ់ើឡើង ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចំការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឱ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើង ឱ្យងាកមករកអ្វីដែលជារបស់ខ្មែរ៕