• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធី«រាត្រីសមោសរ សំពត់បត់ខ្មែរជាលើកដំបូងនៅដើមខែមីនាខាងមុខនេះ

ភ្នំពេញ៖សន្និសីទសារព័ត៌មាន ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយ«ពិព័រណ៍សិប្បកម្មខ្មែរ»ជាលើកដំបូង ដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានគណ:កម្មការរៀបចំកម្មវិធី ព្រមទាំងភាគីជំនាញពាក់ព័ន្ធត្រៀមឆ្លើយតបនឹងអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ថ្លែងក្នុងកម្មវិធីសន្និសីទខាងលើ លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ហើយកម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។លោកជំទាវរដ្ឋលេខាធិការបានបន្តថា គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងក៏មានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។លោកជំទាវបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។

ការរៀបចំ«រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ ហើយបើ
តាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុម្មុខ។ នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕