• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ

CPC-អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប នៃប្រទេសអាមីរ៉េតអារ៉ាប់រួម អំពីកិច្ចការហាឡាល

ប្រទេសអេមីរ៉េតអារ៉ាប់រួម៖ដោយទទួលបានការចាត់តាំងពី លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា <<គ.ត.ផ.ហ.ក.>> នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប(Ministry of Industry and Advanced Technology) នៃប្រទេសអេមីរ៉េតអារ៉ាប់រួម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក. និងសហការី បានជួបជាមួយលោកជំទាវ Dr. Farah Al Zarooni ជំនួយការអនុរដ្ឋលេខាធិការ ទទួលបន្ទុកផ្នែកស្តង់ដារ និងបទប្បញ្ញត្តិ នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប នៃប្រទេសអេមីរ៉េតអារ៉ាប់រួម និងសហការី ដើម្បីពិភាក្សាការងារអំពីការពង្រឹងកិច្ចសហការលើកិច្ចការហាឡាល។

ក្នុងជំនួបនេះ ឯកឧត្តម ផាន អូន បានបង្ហាញជូន លោកជំទាវ Dr. Farah Al Zarooni និងសហការី អំពីដំណើរការប្រព្រឹត្តទៅ និងប្រព័ន្ធហាឡាលនៅព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងស្ថាប័នហាឡាលក្នុងការជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញកំណើនសេដ្ឋកិច្ច និងបានស្នើសុំភាគីប្រទេសអេមីរ៉េតអារ៉ាប់រួម ជួយពង្រឹងសមត្ថភាពលើកិច្ចការហាឡាល ពិសេសលើផ្នែកទទួលស្គាល់ស្លាកសញ្ញាហាឡាលកម្ពុជា។

លោកជំទាវ Dr. Farah Al Zarooni បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពង្រឹងទំនាក់ទំនងរវាងស្ថាប័នហាឡាលរវាងប្រទេសទាំងពីរ និងផ្តល់ជាគំនិតផ្តួចផ្តើមមួយចំនួនដល់ លេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. ដូចខាងក្រោម៖
១- សិក្សា និងវិភាគអំពីចំណុចខ្វះខាត (Gap Analysis) នៃប្រព័ន្ធហាឡាល (Halal System) នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
២- រៀបចំបង្កើត អនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូរផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economonic Partnership Agreement) រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម តាមរយៈការដាក់លិខិតផ្លូវការណ៍ ទៅក្រសួងការបរទេស។

ជាកិច្ចការបន្ត ក្នុងនាមលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក. អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តទំនាក់ទំនងជាមួយខាងភាគីប្រទេសអេមីរ៉េតអារ៉ាប់រួម ក្នុងការជំរុញការរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកកិច្ចការហាឡាល៕