• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរខណ្ឌ៧មករា រៀបចំពីធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទទីក្រុងស្អាតដើម្បីទេសចរណ៍

ភ្នំពេញ ៖​ រដ្ឋបាលខណ្ឌ៧មករាបានរៀបចំពីធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទទីក្រុងស្អាតដើម្បីទេសចរណ៍ ដោយមានការបញ្ជ្រាបការយល់ដឹង និង កម្មវិធីយុទ្ធនាការសម្អាតទីក្រុង តាមទីសាធារណៈ សួនច្បារ​ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងថ្នាក់ខណ្ឌ, សង្កាត់ទាំង៨ , ព្រះសង្ឃទាំង៣វត្ត, យុវជន ស.ស.យ.ក, យុវជន កាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ ចូលរួមអបអរសាទរ សរុប៤៥០នាក់​ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅសួនច្បារមិត្តភាព និងសួនច្បារក្ដាន់២ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌដូន៧មករា រាជធានីភ្នំពេញ។

ការប្រារព្ធទិវាជាតិទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងដើម្បីបំផុស និងបញ្ជ្រាបការយល់ដឹងដល់យុវជនសិស្សានុសិស្ស​ និងប្រជាពលដ្ឋ​ អោយបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្ដល់នូវបដិសណ្ឋាកិច្ចល្អ និងភាពកក់ក្ដៅសំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចំរើននៃសង្គមជាតិ ថែមទាំងជំរុញការចូលរួមទាំងអស់គ្នាធ្វើយ៉ាងឱ្យទីក្រុងមានសោភណ្ឌភាពស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ។

ក្នុងឱកាសនោះផងដែរ លោក ថេង សុថុល អភិបាលខណ្ឌ បានផ្សព្វផ្សាយការទទួលបានជ័យលាភីទីក្រុងស្អាត” ផ្ការំដួល២ទង” សម្រាប់រដ្ឋបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ដ៏ត្រចះត្រចង់ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពីសំណាក់ លោក-លោកស្រីទាំងអស់ ជាពិសេស ដោយមានការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការសហការ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យទីក្រុងរបស់យើងទាំងអស់គ្នា ដោយការយល់ដឹង។

ជាពិសេស លោក អភិបាលខណ្ឌ៧មករាសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវគោលការណ៍យ៉ាងម៉ឺងម៉ាត់បំផុតដល់រដ្ឋបាលខណ្ឌ៧មករា និងសង្កាត់ទាំង៨ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចខណ្ឌ៧មករាទាំងអស់ អោយខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន សោភណ្ឌភាពក្នុងមូលដ្ឋាន ក៏ដូចជាខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើងនោះ ទើបរដ្ឋបាលខណ្ឌ៧មករា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នេះ៕