• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-យុវជនចំនួន២៣នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួន និង​ធ្វើការអប់រំណែនាំក្រោយប្រមូលផ្ដុំគ្នា លេងគប់ទឹក ក្នុងបរិវេនទីក្រុងកោះពេជ្រ

ភ្នំពេញ៖ យ៉ាងហោចណាស់ក្រុមយុវជនចំនួន២៣នាក់ រួមទាំងម៉ូតូ១២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការអប់រំណែនាំជាក់ស្តែង បន្ទាប់ពីពួកគេនាំគ្នាលេងគប់ទឹកជាក្រុមហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤  ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ស្ថិតនៅទល់មុខហាងបិតចោលមួយកន្លែង ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីក្រុមក្មេងៗបានបញ្ជាក់ថា៖ ពួកគេចេញពីធ្វើការក៏បបួលគ្នាជិះម៉ូតូដើរលេង ដោយសារតែមិនអាចរង់ចាំបានយូរ ក៏ចង់នាំគ្នាលេងគប់ទឹក នឹកឃើញដូចនេះ ក៏នាំគ្នាទាំង២៣នាក់ ជិះម៉ូតូឌុបគ្នា ខ្លះពីរនាក់ ខ្លះមួយម៉ូតូជិះ៣នាក់ សរុបម៉ូតូ១២គ្រឿង នាំគ្នាច្រកទឹកដាក់ថង់ ព្រមទាំងមានកាំភ្លើងបាញ់ទឹកមួយដើមថែមទៀត គោលបំណងទៅលេងបាញ់ទឹកនៅទីប្រជុំជន។

ពួកគេបានបន្ថែមថា៖ ក្រុមរបស់ពួកគេ បានជិះម៉ូតូពីទួលពង្រ មកកាន់កោះពេជ្រ ដើម្បីនាំគ្នាលេងគប់ទឹក ហើយទឹកដែលនៅក្នុងថង់ពណ៌ក្រហមក្នុងដៃម្នាក់ៗនេះ គឺសុទ្ធតែច្រកតាំងពីនៅទួលពង្រដូចគ្នា តែពួកគេមិនទាន់បានលេងគប់គ្នាផង ស្រាប់តែជួបសមត្ថកិច្ចឃាត់ខ្លួន ធ្វើការណែនាំ និងអប់រំតែម្តង។

តាមការអោយដឹងពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ កម្លាំងមូលដ្ឋាន និង គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនក្រុមយុវជនស្ទាវៗ២៣នាក់ និងម៉ូតូ១២គ្រឿង បន្ទាប់ពីពួកគេនាំគ្នាលេងគប់ទឹក នៅក្នុងកោះពេជ្រ ដោយសកម្មភាពទាំងនេះ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កអោយខូចសណ្តាប់ធ្នាប់សាធារណៈ និងអាចប៉ះពាល់ដល់អ្នកដំណើរដទៃទៀតផងដែរ។

សមត្ថកិច្ចបានបន្ថែមថា៖ ដោយមូលហេតុនេះ សមត្ថកិច្ចបានហៅពួកគាត់អោយឈរតម្រង់ជួរគ្នា និងធ្វើការអប់រំជាក់ស្តែងនៅកន្លែងឃាត់ផ្ទាល់ និងបានអោយពួកគេត្រឡប់ទៅផ្ទះវិញ ដោយដកហូតម៉ូតូទាំង១២គ្រឿង យកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌចំការមនជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមយុវជនទាំងនោះ យកឯកសារ និងកាតគ្រី មកទទួលម៉ូតូរបស់ពួកគេវិញនៅថ្ងៃបន្ទាប់៕