• Cambodia Peace Channel

មោទនភាពខ្មែរ ! កីឡាករតេក្វាន់ដូកម្ពុជា ទទួលមេដាយមាសកម្រិតពិភពលោក នៅប្រទេសប៊ុលហ្គារី

ប៊ុលហ្គារី៖កីឡាករតេក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត បានដណ្តើមមេដាយមាសកម្រិតពិភពលោកមួយគ្រឿងជូនជាតិ ក្នុងប្រកួតជម្រើសជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី កាលពីយប់មិញ។ នេះបើតាមការបញ្ជាក់របស់ សហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែសីហា ម្សិលមិញនេះ។

នេះជាព័ត៌មានដ៏រីករាយមួយសម្រាប់កីឡាករ តេក្វាន់ដូកម្ពុជា ហើយក៏ជាមេដាយដំបូង នៃការប្រកួតរបស់កម្ពុជា សម្រាប់ការចូលរួម ក្នុងពិធីបើកជាផ្លូវការ ដែលបានធ្វើឡើងកាលពីម្សិលមិញនេះ។

ជាមួយគ្នាដែរ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានអង្គសមាជតេក្វាន់ដូនៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពីប្រទេសប៊ុលហ្គារីផងដែរ។

គួររម្លឹកថា ការប្រកួតកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី ជាការប្រកួតពានរង្វាន់ជើងឯកពិភពលោកលើកទី២១ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសចំនួន៧៤ អត្តពលិកតេក្វាន់ដូ ចូលរួមសរុប ១,៤១២នាក់ ក្នុងអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែក កីឡាករជម្រើសជាតិចំនួន ១៧នាក់ ក្នុងនោះមានស្រី២នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕