• Cambodia Peace Channel

CPC-ក្រសួងការងារ  និងក្រុងឈុនឆន់នៃធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់ជ្រើសរើសពលកររដូវកាលពីកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុន ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពីធីចុះអនុស្សរណៈនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំរណរគុណដល់លោក Yook, Dong Han (យូក ទុងហាន) អភិបាលក្រុងឈុនឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។
ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕