• Cambodia Peace Channel

CPC-គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន

មណ្ឌលគិរី៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម​ អមដោយឯកឧត្តមថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង​សាង​សង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។
សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារក្នុងខេត្តភូមិភាគឦសាននាពេលនេះក៏មានការចូលរួមពីឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧​ នៃរដ្ឋសភា ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់​ខេត្តក្នុងតំបន់ភូមិភាគឦសានរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងដើម្បីបញ្ជៀស ពី ហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងបន្ថែមទៀតថា បណ្តា​អាង​ទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាន​នូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២​លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕

default
default

default