• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចនិងវិនិយោគលើកទី៣ ដើម្បីប្រកាសអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

រាជធានីអាប៊ុយដាប៊ី៖  លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ (3rd Cambodia-UAE Business and Investment Forum) ដែលមានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនរដ្ឋនិងឯកជននៃប្រទេសទាំងពីរជាច្រើនរូបនាព្រឹក ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាប៊ុយដាប៊ី។
ក្នុងនោះ សម្រាប់ភាគីកម្ពុជា មានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍ កសិ-ឧស្សាហកម្ម អចលនទ្រព្យ ធនាគារ និងកម្មន្តសាល។
គួរបញ្ជាក់ថា វេទិកាធុរកិច្ចនិងវិនិយោគនេះ រៀបចំឡើងដើម្បីប្រកាសអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕