• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាបន្លំយកទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ នៅបរិវេនតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាបន្លំយកទ្រព្យសម្បត្តិភ្ញៀវទេសចរ នៅតំបន់វត្តភ្នំ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី វេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤  ស្ថិតនៅបរិវេណវត្តភ្នំ ផ្លូវលេខ១៣០ កែង១៥ មូលដ្ឋាននៃសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាជនបរទេសបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានដើរឆ្លងកាត់បរិវេណវត្តភ្នំ ស្របពេលដែរក្រុមជនសង្ស័យកំពុងនៅគោលដៅនោះស្រាប់ លុះគាត់ដើរកាត់ពួកគេ ត្រូវបានជនសង្ស័យម្នាក់រត់ទៅអោបគាត់ និងម្នាក់ទៀតបានធ្វើសកម្មភាពលូកហោប៉ៅលួចយកសម្ភារៈប្រើប្រាស់និងលុយរបស់គាត់ ហើយនាំគ្នារត់ឡើងម៉ូតូឌុបគ្នារត់តែម្តង។

បន្ទាប់មកគាត់បានរត់ទៅក្បែរស្ពាននាគ ដោយចៃដន្យឃើញប៉ូលីសកំពុងល្បាតនៅក្បែរនោះស្រាប់ ក៏ប្តឹងប៉ូលីសតែម្តង ដោយភិនភាគជនសង្ស័យទាំង២មានម្នាក់ភេទប្រុស និងម្នាក់ទៀតភេទទី៣ បានលួចសម្ភារៈគាត់ ហើយជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 1JG-9886 រត់គេចខ្លួន។

ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើសកម្មភាពដេញតាមជនសង្ស័យពីក្រោយរហូតដល់ផ្លូវលេខ១៣០ កែង១៥ មូលដ្ឋាននៃសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូចោល រួចរត់ចូលច្រកដឿងហែមឡើងផ្ទះប្រជាពលរដ្ឋដើម្បីគេចសមត្ថកិច្ច។ លុះដល់ម៉ោង១២និង២០នាទីអធ្រាត្រ ប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ប៉ូលីសថាជនសង្ស័យ បានរត់ចូលផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចឡើងទៅឡោមព័ទ្ធរហូតឃាត់បានទាំង២នាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕