• Cambodia Peace Channel

ការត្រៀមខ្លួនទុកជាមុន និង ប្រុងប្រយ័ត្នលើគូប្រកួតជាអ្វីដែល កែវ សុខផេង បានលើកឡើង

ភ្នំពេញ៖ការប្រកួតពានរង្វាន់ Metfone Cambodian League2019 បាននិងកំពុងចាប់ផ្តើម ហើយសម្រាប់សប្តាហ៍ទី២ ដោយក្លិបកីឡាបាល់ទាត់វិសាខា នឹងបើកកីឡដ្ឋានវិសាខា ទទួលភ្ញៀវក្លិបគិរីវង់សែនជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខាងមុខ នេះ វេលាម៉ោង៦៖០០នាទីល្ងាច។

ការប្រកួតកាន់តែខិតជិតមកដល់ កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធក្លិបវិសាខា និង ជាសមាជិកក្រុមជម្រើសកម្ពុជាលើកឡើងថា “យើងមិនអាចធ្វេសប្រហែសបានឡើយ ទោះបីក្រុមយើងធ្លាប់យកឈ្នះគិរីវង់ ២-០ កាលពីប្រកួតមិត្តភាពក៏ដោយ”។

កីឡាកររូបនេះបន្តទៀតថា “ពួកយើងទាំងអស់គ្នា បានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតជាមួយគិរីវង់ថ្ងៃសៅរ៍នេះ។ ប៉ុន្ដែចំពោះជ័យជម្នះកាលពីប្រកួតមិត្តភាព រវាងក្រុមទាំងពីរវិញ វាគ្រាន់តែជាការប្រកួតសមជើងទេ តែប្រកួតផ្លូវការចុងសប្ដាហ៍នេះទើបសំខាន់ ខាងយើងក៏ប្រឹង ខាងគេក៏ប្រឹង។ ម្យ៉ាងគេ ឈរកំពូលតារាងសប្ដាហ៍ទី១ ចឹងយើងត្រូវតែប្រយ័ត្នមិនអាចប្រហែសបានឡើយ គឺយើងត្រូវការត្រៀមឲ្យបានល្អបំផុត”។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ visakhafootballclub។

ដើម្បីចូលរួមការលើកស្ទួយ និង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន ទាំងក្រុមជម្រើសជាតិកម្ពុជា និង លីគកម្ពុជា សមាជិកខ្សែប្រយុទ្ធគោព្រៃកម្ពុជា កីឡាករ កែវ សុផេង អំពាវនាវដល់អ្នកគាំទ្រទាំងអស់ ទោះគាំទ្រក្លិបណាមួយក៏ដោយ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ត និង លើកទឹកចិត្តដល់កីឡាករ៕

ដោយ៖ស្រ៊ីប ឡានី