• Cambodia Peace Channel

សារ៉េត គ្រីយ៉ា៖ អ្វីដែលខ្ញុំចងចាំបំផុតក្នុងឆាកជីវិត គឺការបាត់បង់ជីវិតប្អូនប្រុសខ្ញុំ ដោយសារជូនខ្ញុំមកប្រកួតបាល់ទាត់

ភ្នំពេញ៖ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកលីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩ នៅក្នុងទឹកដីរបស់ខ្លួននាកីឡដ្ឋានខេត្តស្វាយរៀងដោយ ២៥ប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ និងនៅសល់មួយប្រកួត។

នៅក្នុងជ័យជំនះដ៏អស្ចារ្យមួយនេះក៏មានវត្តមាន កីឡាករខ្សែការពារដ៏ឆ្នើមរបស់ក្រុមគោព្រៃកម្ពុជា និងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ រៀងកីឡាករ សារ៉េត គ្រីយ៉ាផងដែរ។

ថ្លែងប្រាប់ CPC News ទាំងទឹកមុខស្រងូតស្រងាត់ ក្រោយបញ្ចប់កម្មវិធីប្រគល់ពានរង្វាន់ កីឡាករ សារ៉េត គ្រីយ៉ា បានសម្តែងអារម្មណ៍ សប្បាយរីករាយផង និងនឹកគិតទៅដល់ប្អូនប្រុសបង្កើតរបស់ខ្លួនដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលត្រឡប់ ពីជូនរូបគេទៅប្រកួតបាល់ទាត់នៅខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ។

កីឡាករ សារ៉េត គ្រីយ៉ា បានឱ្យដឹងថា រូបគេមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមចំណែកជួយឱ្យក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ រៀងទទួលជ័យជំនះដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្ររបស់ក្លិប ដោយឈ្នះ ២៥ប្រកួត ស្មើ ៤ប្រកួត និងមិនដែលស្គាល់ពាក្យថាចាញ់។ កីឡាករខ្សែការពារកំពស់ខ្ពស់ ជនជាតិខ្មែរឥស្លាមដែលមានស្រុកកំណើតនៅក្រុងតាខ្មៅរូបនេះបានបន្ថែមទៀតថា អ្វីដែលរូបគេចងចាំ បំផុតក្នុងឆាកជីវិត គឺការបាត់បង់ជីវិតរបស់ប្អូនប្រុស ដោយសារតែជូនរូបគេមកប្រកួតបាល់ទាត់។ ហើយជ័យជំនះមួយនេះ ក៏មានចំណែក​របស់ប្អូនប្រុសគេផងដែរ។

គួររម្លឹកដែរថា យុវជនម្នាក់ឈ្មោះអ៊ែល សុខជា អាយុ១៩ឆ្នាំ ដែលត្រូវជាប្អូនបង្កើតកីឡាករបាល់ទាត់ជម្រើសជាតិ សារ៉េត គ្រីយ៉ា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ខណៈពេលដែលយុវជនរងគ្រោះ ជិះម៉ូតូត្រឡប់ពីជូនបង ប្រុសទៅប្រកួតបាល់ទាត់៕