• Cambodia Peace Channel

កក្រើកហើយ ! ខេត្តត្បូងឃ្មុំ ប៉ះខេត្តព្រៃវែងល្ងាចនេះ ខណៈគ្រូបង្វឹកខេត្តត្បូងឃ្មុំថា ត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតនេះ

ភ្នំពេញ៖ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត ឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ដោយក្រុមចំណាត់ថ្នាក់លេខ៣ សៀមរាប ត្រូវប៉ះជាមួយ ខេត្តកែប នៅវេលាម៉ោង ៣៖៣០នាទីរសៀល ខណៈប្រកួតដណ្តើមជើងឯក ខេត្តត្បូងឃ្មុំ ត្រូវប៉ះក្រុមព្រៃវែង នៅវេលាម៉ោង ៦៖០០នាទីល្ងាចនេះ​ នៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។

ជាចំណុចកត់សម្គាល់ក្រុមទាំងពីរនេះ ត្រូវបានអ្នកគាំទ្រសម្តែងការគាំទ្រជាខ្លាំង ពិសេសក្រុមខេត្តត្បូងឃ្មុំ ម្ចាស់ជើងឯកពានរង្វាន់ថ្នាក់ខេត្តរដូវកាល ២០១៨-២០១៩ ដែលបង្ហាញពីខ្លាំង និងទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះក្រុមមកពីបណ្តាជាបន្តបន្ទាប់ រហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅល្ងាចនេះផងដែរ។

ជុំវិញការប្រកួតនៅល្ងាចថ្ងៃនេះដែរ គ្រូបង្វឹកក្រុមខេត្តត្បូងឃ្មុំ លោក ផន រស្មីពេជ្រ អោយ CPC NEWS ដឹងថា “ក្រុមរបស់ខ្ញុំមានការរៀបចំក្នុងការលេងនៅវគ្គផ្តាច់ព្រ័ត្របានយ៉ាងល្អ សម្រាប់ក្រុមមកពីខេត្ត ទោះបីមិនល្អឥតខ្ចោះដូចក្រុមខាងព្រៃវែង ជាក្រុមអាជីព នៅលីគមួយចំនួនមិនស្មើគាត់ឡើយ”។

ការលើកឡើងរបស់គ្រូបង្វឹកខាងត្បូងឃ្មុំបែបនេះ ហាក់បង្ហាញថា ក្រុមទាំងមូលមានការតាំងចិត្តលេងជាមួយគូប្រកួតរួចរាល់ហើយដែរ ហើយកីឡាករទាំងអស់មានឆន្ទៈក្នុងការណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ និងរក្សាតំណែងជាម្ចាស់ជើងឯករដូវកាលមុនផងដែរ។

ជាមួយគ្នានេះ ដែរ គ្រូបង្វឹកខេត្តត្បូងឃ្មុំ លោក ផន រស្មីពេជ្រ សំណូមពរដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ ពិសេសអ្នកគាំទ្រខេត្តត្បូងឃ្មុំ សូមចូលទស្សនាអោយបានច្រើនកុះករតាមរយៈការផ្សាយផ្ទាល់ ទោះបីការប្រកួតនេះ ត្រូវបិទទ្វារកីឡដ្ឋានមិនអោយអ្នកគាំទ្រចូលទស្សនាផ្ទាល់៕