• Cambodia Peace Channel

CPC-អ្នកគាំទ្រគុនខ្មែរ កំពុងរងចាំមើលថា តើជំនួបរវាងស្ដេចប្រដាល់ភូមា និងព្រំ សំណាង អាចកើតឡើងដែរឬទេ បន្ទាប់ពីកីឡាករទាំងពីរបានឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមជាបន្តបន្ទាប់

 

ភ្នំពេញ៖ថ្មីៗមកនេះ មានការជជែកគ្នាយ៉ាងច្រើនជុំវិញការបង្ហោះរបស់ផេកក្រៅស្រុកមួយដែលមានឈ្មោះថា Lethwei World ដែលបានប្រកាសចង់ឲ្យ ព្រំ សំណាង ជួបជាមួយស្ដេចប្រដាល់ភូមាគឺកីឡាករ Dave leduc  ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បន្ទាប់ពីមានការប្រកាសបែបនេះហើយ កីឡាករគុនខ្មែរ ព្រំ សំណាង បានឆ្លើយតបទៅស្ដេចប្រដាល់ភូមា Dave Leduc ថា ស្វាគមន៍ជានិច្ច ស្របពេលនោះមិនដល់ពីរម៉ោងផង ស្រាប់តែកីឡាករភូមារូបនេះ បានឆ្លើយតបវិញយ៉ាងខ្លីថា ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបន្ទាប់នេះហើយ ដែលជាហេតុធ្វើអោយអោយអ្នកស្នហាគុនខ្មែរ ទន្ទឹងរង់ចាំមើលថា តើជំនួបរបស់អ្នកទាំងពីរ អាចកើតមានឡើងដែរឬទេ ។

គួរបញ្ចាក់ផងដែរថា សមត្ថភាពប្រកួតរបស់កីឡាករភូមារូបនេះ គឺមិនធម្មតាឡើង ព្រោះកីឡាកររូបនេះមានជំហររឹងមាំ កម្លាំងស៊ុហ្វល្អ ព្រមជាមួយនឹងបច្ចេកទេសប្រយុទ្ធខ្ពស់ ទាំងការទាត់ ជង្គង់ និងកែង ជាពិសេសគឺក្បាលរបស់គេជាអាវុធដ៏គ្រោះថ្នាក់បំផុត ហើយបើប្រៀបធៀបជាមួយ ព្រំ សំណាង គឺកីឡាករភូមារូបនេះមានស្នៀត និងបច្ចេកទេសមិនអាចមើលស្រាលបានឡើយ ប៉ុន្តែកីឡាករព្រំ សំណាង ក៏មានបច្ចេកទេសមិនធម្មតាផងដែរ ដោយវាយចេញមួយៗ តែធ្ងន់ និងមានតិចនិចច្រើនក្នុងការប្រកួតលើសង្វៀន។

ជុំវិញការឆ្លើយឆ្លងនៃជំនួបរបស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្ររំពឹងថា ប្រសិនបើការប្រកួតនេះជាលក្ខណៈបែបប្រដាល់គុនខ្មែរ គឺអាចនឹងមានភាគរយច្រើនក្នុងជំនួបមួយនេះ ប៉ុន្តែប្រសិនប្រកួតលក្ខណៈបែបគុន ឡេត វេ គឺប្រហែលមិនមានភាគរយប្រកួតច្រើននោះទេ ព្រោះការប្រកួតបែបគុន ឡេត វេ គឺអនុញ្ញាតឲ្យកីឡាករប្រើក្បាលបុកដៃគូបាន ដែលជាគ្រោះថ្នាក់មួយសម្រាប់កីឡាករកម្ពុជា ខណៈកីឡាករភូមារូបនេះពូកែស្នៀតមួយនេះយ៉ាងកាចសាហាវ៕