• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. បង្ហាញពីបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

 

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។

 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង ដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ ផងដែរ។ ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕