• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

​ភ្នំពេញ៖  ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាល ស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធ ពិធីប្រណាំង រទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ថែមថាពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងចូល រួម អភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែល បុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។

ជាមួយគ្នានេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ ។

គួរបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោរនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕