• Cambodia Peace Channel

ដើម្បីការពារគ្រាប់បាល់មិនឱ្យចូលទី ស៊ូ យ៉ាទី ប្រឹងហ្វឹកហាត់ទ្វេដង

ភ្នំពេញ៖អ្នកចាំទីដៃស្អិត ក្លិបណាហ្គាវើលនិងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា កីឡាករ ស៊ូ យ៉ាទី ខិតខំហ្វឹកហាត់ ជារៀងរាល់ថ្ងៃជាមួយក្លិបណាហ្គាវើល។

អ្នកចាំទីរូបនេះលើកឡើងថា “និយាយទៅនៅណាហ្គាវើលខ្ញុំមើលឃើញថា ហាត់ខ្លាំងជាងមុន ប្រហែលជា៣០% លើសពីមុន។ ព្រោះខ្ញុំជាអ្នកចាំទី ត្រូវទៅហាត់៤៥នាទីឬកន្លះម៉ោងមុនគេ។

អ្នកចាំទីរូបនេះបន្តថា “បើគិតពីបច្ចេកទេស យើងបានហ្វឹកហាត់វាជាប្រចាំ ប៉ុន្តែការផ្តោតហាត់ខ្លាំង នៅលើភាពរហ័សរហួននៃរាងកាយ និង ការគិតលឿនហើយច្បាស់លាស់។ ដោយសារ ក្លិបផ្សេងៗគេប្រើសុទ្ធតែប្រយុទ្ធបរទេសល្អៗ អញ្ចឹងហើយយើងអត់អាចយឺតបានទេ”។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ឬ CNCC។

ទោះបីជាអ្នកចាំទី សមាជិកគោព្រៃកម្ពុជា ប្រឹងហ្វឹកហាត់ខ្លាំងយ៉ាងក៏ដោយ កីឡាកររូបនេះនៅមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារបច្ចុប្បន្ននេះ យើងឃើញក្លិបនីមួយៗមានកីឡាករបរទេសល្អៗ ពិសេសខ្សែប្រយុទ្ធ ដែលវាជាចលករជំរុញឱ្យ កីឡាកររូបនេះ ប្រឹងប្រែងហាត់ទ្វេដងថែមទៀត។

សូមជម្រាបថា ស៊ូ យ៉ាទី ធ្លាប់ទទួលជ័យលាភីស្រោមដៃមាសនៅលីគកំពូលកម្ពុជា២សម័យកាល និង ជួយការពារបាល់បញ្ចូលទីបានយ៉ាងល្អ ទាំងនៅក្លិប និងនៅជម្រើសជាតិកម្ពុជា៕

ដោយ៖ស្រុីប ឡានី