• Cambodia Peace Channel

ក្រុមហ៊ុនចិនមួយដែលមានកម្មវិធីជាង១០០ និងមានការដំឡើងជាង៦០០លាននាក់ ត្រូវបាន Google លុបចេញពី Play Store

អាមេរិក៖ក្រុមហ៊ុន Google បានចាប់ផ្តើមលុបកម្មវិធីជាង១០០ និងមានជាង៦០០លាននៃអ្នកដំឡើងកម្មវិធីដែលធ្វើឡើងដោយក្រុមហ៊ុន DO Global នៅក្នុង Play Store បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះបានលួចបន្លំផ្សាយពាណិជ្ជកម្មដ៏ធំ ។ នេះបើតាមការដកស្រង់ផ្សាយរបស់គេហទំព័រ Gizmodo នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ។

ក្រុមហ៊ុន DO Global គឺជាក្រុមហ៊ុនចិនមួយដែលបង្កើតកម្មវិធី Android និងត្រូវបានគាំទ្រដោយ Baidu មានអ្នកប្រើប្រាស់ជាង២៥០លាននាក់ប្រចាំខែ ។ ក្រោយពី BuzzFeed News បានធ្វើរបាយការណ៍បង្ហាញថាកំពុងប្រព្រឹត្តការលួចបន្លំការផ្សាយពាណិជ្ជកម្មដ៏ធំរួចនោះ ត្រូវបានក្រុមហ៊ុន Google កំពុងតែធ្វើការដកចេញពី Play Store ហើយ ។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា “យើងធ្វើការស៊ើបអង្កេតសកម្មភាពអវិជ្ជមានយ៉ាងសកម្ម ហើយនៅពេលយើងរកឃើញថាមានការរំលោភបំពាន យើងចាត់វិធានការភ្លាមរួមទាំងការដកហូតអ្នកអភិវឌ្ឍន៍កម្មវិធីផងដែរ ក្នុងការរកប្រាក់ពីកម្មវិធីរបស់ពួកគេជាមួយ AdMob ឬ Publish នៅលើ Play Store” ។

គួរជម្រាបថា នេះគឺជាការបង្ក្រាបដ៏ធំបំផុតមួយដែលក្រុមហ៊ុន Google បានបើកដំណើរការប្រឆាំងនឹងអ្នកអភិវឌ្ឍន៍កម្មវិធី ។

ក្រុមហ៊ុន DO Global ក៏បានផ្ញើរសេចក្តីថ្លែងការណ៍ទៅកាន់ BuzzFeed មួយដោយទទួលស្គាល់ពីភាពមិនប្រក្រតីជាមួយអាជីវកម្មពាណិជ្ជកម្មរបស់ខ្លួន ហើយបាននិយាយថា “ពួកគេយល់យ៉ាងច្បាស់និងទទួលយកការសម្រេចចិត្តរបស់ Google” ៕

ដោយ៖វីរ៉ា វីន