• Cambodia Peace Channel

ភាពលំបាកមិនមែនជាឧបសគ្គនៃការជោគជ័យ តែការជោគជ័យកើតឡើងពីការចេះជំនះឧបសគ្គ

អេហ្ស៊ីប៖ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិអេហ្ស៊ីប និងហង្សក្រហម Liverpool កីឡាករ Mohamed Salah បាននឹងកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅជុំវិញពិភពលោក ពិសេសកីឡាកររូបនេះជាវីរៈបុរសកីឡាបាល់ទាត់សម្រាប់ជម្រើសជាតិអេហ្ស៊ីប និងប្រជាជាតិអារ៉ាប់ទាំងមូល។

ប៉ុន្តែភាពល្បីល្បាញរបស់ខ្សែប្រយុទ្ធរូបនេះ ខុសពីអតីតកាលរបស់គេដោយ Salah គ្រាន់តែជាក្មេងប្រុសម្នាក់ធំធាត់នៅក្នុងត្រកូលគ្រួសារសាមញ្ញ មិនមានលទ្ធភាពចូលរៀនសាលាល្អៗដូចអ្នកផ្សេង ប៉ុន្តែដោយការតាំងចិត្ត និងមានការលើកទឹកចិត្តពីក្រុមគ្រួសារ ពិសេសឪពុករបស់គេទើប Salah មានការអភិវឌ្ឍបែបនេះ។

ឪពុករបស់ Mohamed Salah លោក Salah Ghali ថ្លែងប្រាប់សារព័ត៌មានអារ៉ាប់ថា “Mohamed Salah បានធំធាត់រស់នៅក្នុងគ្រួសារសាមញ្ញ និងមានបងប្អូនពីរនាក់ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារមានការខ្វះខាតទើបពិបាកឲ្យគាត់បានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យត្រឹមត្រូវដូចគេ”។

ឪពុក Salah បានបន្តទៀតថា គាត់តែងតែត្អួញត្អែរអំពីការធ្វើដំណើររបស់គាត់ដោយរថភ្លើងត្រូវចំណាយពេល ៤ម៉ោង ប៉ុន្តែខ្ញុំប្រាប់គាត់ថា តារាទាំងអស់នៅលើពិភពលោកបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកនេះពីមុនមក។ ខ្ញុំតែងតែរំលឹកគាត់អំពីការធ្វើដំណើររបស់គាត់ពីតំបន់ ណាគ្រីជ ដែលសម្បូរអ្នកក្រីក្រតោកយ៉ាក ទៅកាន់ទីក្រុងគែរ ដែលជាក្លិបម៉ៅការអារ៉ាប់ស្ថិតនៅ។

លោក Salah Ghali ដែលជាឪពុករបស់ខ្សែប្រយុទ្ធហង្សក្រហម តែងតែផ្តល់ដំបូន្មាន និងគាំទ្រដល់គាត់ជានិច្ច ពិសេសបន្ទាប់ពីការចាកចេញពីប្រទេសអារ៉ាប់ ទៅកាន់អ៊ឺរ៉ុប។ ជីវិតនៅអ៊ឺរ៉ុបខុសគ្នាពីកន្លែងយើងធ្លាប់រស់នៅ លោក Salah Ghali តែងតែលើកទឹកចិត្តកូនរបស់គាត់ឲ្យអភិវឌ្ឍន៍ជំនាញនៅលើទីលាន និងប្រយុទ្ធដើម្បីសម្រេចគោលដៅ។

ក្រោយជោគជ័យយ៉ាងខ្លាំងនៃអាជីពជាកីឡាករបាល់ទាត់ Mohamed Salah តែងតែធ្វើការបរិច្ចាគទានជួយដល់ជនក្រីក្រ ក្មេងកំព្រា ដោយបង្កើតមូលនិធិសប្បុរសធម៌ Mohamed Salah ដើម្បីឧបត្ថម្ភជាសំភារៈ ម្ហូបអាហារ សង់សាលារៀន សង់មន្ទីរពេទ្យ ជាហូរហែដែលរួមទាំងចំណែកផ្តល់ថវិកាឲ្យរាជរដ្ឋាភិបាលអេហ្ស៊ីបគ្រាដែលមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងទៀតផង។

សូមជម្រាបដែរថា ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម និងជម្រើសជាតិអេហ្ស៊ីប បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៣ ជាមួយអ្នកនាង ម៉ាគី និងមានកូនស្រីម្នាក់ឈ្មោះ ម៉ាកា ។ Salah ត្រូវបានប្រជាជនអេហ្ស៊ីបចម្លាក់រូបជាវីរៈបុរស ប៉ុន្តែកីឡាកររូបនេះធ្វើខ្លួនជាមនុស្សសាមញ្ញ ចូលចិត្តកំប្លែងឲ្យអ្នកផ្សេងសប្បាយចិត្ត ៕

ដោយ៖ស្រ៊ីប ឡានី