• Cambodia Peace Channel

ពលរដ្ឋអាមេរិក ប្រឈមបន្ទុកចំណាយកាន់តែច្រើនប្រមាណ ៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំលើស្បែកជើង ដែលកើតពីការដំឡើងពន្ធលើផលិតផលចិន

វ៉ាស៊ីនតោន៖ក្រុមហ៊ុនជាង ២០០ក្រុមហ៊ុន និងក្រុមអាជីវកម្មរាប់រយនាក់បានព្រមានពីការកើនឡើងការចំណាយរបស់ពលរដ្ឋអាមេរិក ដែលកើតចេញពីការធ្វើសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូ ណាត្រាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហានេះ។

តំណាងក្រុមហ៊ុនទាំងនោះបានលើកឡើងថា ការតម្លើងពន្ធនេះ គឺមិនមែនត្រឹមតែបន្ថែមសម្ពាធដល់ប្រទេសចិននោះទេ ប៉ុន្តែបានបន្ថែមបន្ទុកដល់ពលរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។ ការបន្ថែម ១៥ ភាគរយលើផលិតផលស្បែកជើង នឹងពន្ធគយដែលមានជាមធ្យមចាប់ពី ១១ ភាគរយដល់ ៦៧ ភាគរយលើប្រភេទស្បែកជើងមួយចំនួន គឺបានធ្វើឲ្យការចំណាយរបស់អតិថិជន ដែលជាពលរដ្ឋអាមេរិកកើនឡើងដល់ ៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ក្នុងនោះក្រុមអាជីវកម្មជាង ១៦០ ក្រុមផ្សេងទៀត រួមមានសហព័ន្ធលក់រាយ សមាគមឧស្សាហកម្មលក់រាយ និងសមាគមអ្នកផលិតឧបករណ៍ ក៏បានជំរុញឱ្យលោក ត្រាំ ពន្យារពេលក្នុងការដំឡើងពន្ធគយ ដើម្បីបន្ធូរបន្ថយការចំណាយនារដូវការសម្រាកដើរទិញឥវ៉ាន់របស់ពលរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបានពុះកញ្ជ្រោលឡើងកាលពីខែកក្កដា ឆ្នាំ២០១៨ ដែលធ្វើឲ្យមានការដំឡើងពន្ធលើផលិតផលគ្នាទៅវិញទៅមក ចុងក្រោយថ្មីៗនេះ លោក ត្រាំក៏បានទទួលស្គាល់ជាលើកដំបូងថា ការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ក៏ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជីវភាពរបស់ពលរដ្ឋអាមេរិកផងដែរ ក្នុងនោះជាដំណោះស្រាយ ដើម្បីបន្ធូរបន្ថយការលំបាក លោក ត្រាំ បានពន្យាពេលលើការដំឡើងពន្ធលើផលិតផលចិននៅខែធ្នូ ចុងឆ្នាំវិញ៕