• Cambodia Peace Channel

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជានៅម៉ាឡេស៊ីផ្តល់ព័ត៌មានផ្ទាល់ខ្លួនជាបន្ទាន់ ដើម្បីត្រៀមវិធានការសម្របសម្រួលទាន់ពេលវេលាក្នុងករណីចាំបាច់

គួឡាឡាំពួ៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា នេះ ចេញសេចក្តីជូនដំណឹងមួយអំពានាវដល់ ពលករ ពលការីនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី ធ្វើការផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដូចជា ឈ្មោះ កន្លែងស្នាក់នៅពិតប្រាកដនៅម៉ាឡេស៊ី លេខទូរស័ព្ទ និងទីកន្លែងធ្វើការជាដើម។

សេចក្តីអំពាវនាវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីមានលទ្ធភាពត្រៀមវិធានការណ៍សម្របសម្រួល និងផ្តល់ជំនួយទាន់ពេលវេលាក្នុងករណីចាំបាច់ នៅក្នុងកំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើររបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ខាងមុខ។

នៅក្នុងសេចក្តីជូនដំណឹងនោះ សង្កត់ធ្ងន់ថា ទោះបីទិដ្ឋាការអស់សុពលភាពក្នុងកំពុងពេលនៃការអនុវត្តបទបញ្ជា ឬ ស្នាក់នៅ និងធ្វើការពុំមានឯកសារស្របច្បាប់ក៏ដោយ ត្រូវតែផ្តល់ដំណឹងមកស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

១-កិច្ចការកុងសុល៖ ០១៧ ៧៩ ៤២ ៣៦៨ ឬ ០១៧ ៦៩ ៧៤ ៨៥៥

២-កិច្ចការពលករ៖ ០១៧ ៧៩ ៤៥ ០៦៦ ឬ ០១១ ២៦​ ២៦ ៣៣ ៩០

៣-កិច្ចការនិស្សិត៖ ០១១ ៣១​ ៥២ ៥៩​ ៨៦​ ៕