• Cambodia Peace Channel

CPC-អគ្គិភ័យឆាបឆេះ ហាងជប៉ុន SUSHI HIWA បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះជាន់ទី១ នៃហាងជប៉ុនមួយកន្លែង ឈ្មោះ SUSHI HIWA បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៤៨នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងជប៉ុន១កន្លែង ដែលស្ថិតនៅផ្លូវ៣១០ កែងផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នក​មើលការខុសត្រូវហាង បានបញ្ជាក់ថា៖ មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះ សង្ស័យជាករណីផ្ទុះសេ នៅជាន់ទី១ ដែលមានទាំងអណ្តាតភ្លើង និងផ្សែង បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកដែលស្ថិតនៅក្នុងហាង នាំគ្នារត់ចេញមកខាងក្រៅហាង រួចទាក់ទងទៅកាន់មន្ត្រីជំនាញ ដើម្បីសុំការសង្គ្រោះ។

ក្រោយទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់គោលដៃដែលកំពុងតែឆាបឆេះ ព្រមទាំងធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗអោយរលត់ទាំងស្រុង ដើម្បីទប់ស្កាត់មិនឲ្យមានការរាលដាលទៅកាន់ទីតាំងក្បែរនោះ ព្រមទាំងមិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ។

ជុំវិញករណីអគ្គិភ័យខាងលើនេះ មន្ត្រីជំនាញមិនទាន់បញ្ជាក់បាននៅឡើយនោះទេ ពីមូលហេតុដែលបង្កអោយមានការឆាបឆេះ៕