• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លិខិតស្រាយបំភ្លឺរបស់មន្ទីរពេទ្យរុស្សី ជុំវិញសំណេរបស់គ្រួសារអ្នកជំងឺបានបង្ហោះលើបណ្ដាញសង្គមដែលមានចំណងជើងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!

ភ្នំពេញ៖មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សូមធ្វើការស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebookមានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិន
ពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ចូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាព
ធ្ងន់ធ្ងរខ្លាំង។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុអោយបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាលនិងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ
វេជ្ជសាស្ត្រផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតអោយចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងយោងតាមគណនីហ្វេសប៊ុក SreyPich Thou បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!តេីមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតី ខ្ញុំនឹងម៉ាក់បានដឹកប៉ាមក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង40នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហេីយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេcallដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន១កន្លែងទៀតដោយក្រុមតែ១នាក់គត់ រឿងដដែលកេីតឡេីងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលcallដាស់ពេទ្យម្តងទៀត។មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡេីយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង៤:៣០ ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ។

ជាមួយគ្នានេះ ម្ចាស់គណនីខាងលើបានបន្ថែមថា រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហេីយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លេីសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហេីយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទេីបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហេីយ!ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង៕