• Cambodia Peace Channel

ប្រធានក្លិបបឹងកេត ៖ ម្នាក់ៗដើរតួនាទីជាប្រធានក្រុម និងខំប្រឹងប្រែងប្រកួតដើម្បីក្រុមទាំងមូល

ភ្នំពេញ៖មុនជំនួបជាមួយម្ចាស់ជើងឯកលីគកំពូលណាហ្គាវើលដ៍ សប្តាហ៍ទី១០ នៃក្របខណ្ឌលីគកំពូលកម្ពុជា ប្រធានក្លិបបឹងកេត លោកស្រី ពុធ ធីតា បានផ្ញើសារលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ប្រឹងប្រែងលេងជាក្រុម ក្រោយកាតក្រហមប្រធានក្រុម ខ្សែការពារ ហុង ផេង ។

ប្រធានក្លិបបឹងកេតរូបនេះ បាននិយាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា “ប្រកួតបន្ទាប់យើងត្រូវជួបណាហ្គាវើលដ៍ ហើយយើងបាត់បង់ប្រធានក្រុមដែលទទួលពិន័យកាតក្រហម ដូច្នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា ដើរតួនាទីជាប្រធានក្រុមដោយខ្លួនឯង និងខំប្រឹងប្រែងប្រកួតដើម្បីក្រុមទាំងមូល” ។

លោកស្រីបានបន្តទៀតថា យើងបាត់បង់ប្រធានក្រុមម្នាក់ តែយើងមានប្រធានក្រុម ១១នាក់ ។ ដូចនេះត្រូវតែព្យាយាម កែប្រែចំណុចខ្វះខាតរបស់ខ្លួនក្នុងប្រកួតកន្លងមក ហើយធ្វើឲ្យបានល្អនៅប្រកួតបន្ទាប់ ។ នេះបើតាមការចេញផ្សាយនៅលើគេហទំព័រ Boeungket FC ។

សូមជម្រាបថា ការប្រកួតរវាងក្លិបបឹងកេត និងណាហ្គាវើលដ៍ នៃក្របខណ្ឌលីគកំពូលកម្ពុជា សប្តាហ៍ទី១០ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦៖០០នាទីល្ងាច ៕

ដោយ៖ស្រ៊ីប ឡានី