• Cambodia Peace Channel

អបអរសាទរ ! ត្បូងឃ្មុំក្លាយជាម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩

ភ្នំពេញ៖មួយគ្រាប់របស់កីឡាករ លី រមី នៅនាទី៤៦ របស់ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បានធ្វើឲ្យត្បូងឃ្មុំ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០១៩ ក្រោយយកឈ្នះក្រុមបាល់ទាត់ខេត្តសៀមរាប ក្នុងលទ្ធផល ១ទល់នឹង០ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០១៩ ក្នុងជំនូបរវាងក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមបាល់ទាត់ខេត្តសៀមរាប ធ្វើឲ្យកក្រើកកីឡដ្ឋានវិសាខា  និងមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមលើកទឹកចិត្ត ពិសេសអ្នកគាំទ្រត្បូងឃ្មុំ ស្រែកហ៊ោកញ្ជ្រៀវពេញកីឡដ្ឋាន។

ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ជាក្រុមខ្លាំងមួយសាកសមបំផុតសម្រាប់ម្ចាស់ជើងឯកនៃពានរង្វាន់នេះ ដោយក្រុមនេះឈ្នះគ្រប់ប្រកួត មុនឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបានទំលាក់ក្រុមបាល់ទាត់ខេត្តរតនគិរី យ៉ាងតឹងរឹងបំផុត។

សូមជម្រាបថា ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ សៀមរាប និងរតនគីរី នឹងត្រូវឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទល់នឹង ១៣ក្រុមផ្សេងទៀតនៅលីគកំពូលកម្ពុជា៕

ដោយ៖ស្រ៊ីប ឡានី