• Cambodia Peace Channel

គាំទ្រជម្រើសជាតិកម្ពុជា ! គោព្រៃកម្ពុជាចាប់ផ្ដើមចូលជំរុំហ្វឹកហាត់ថ្ងៃដំបូង ត្រៀមប៉ះហុងកុង នាថ្ងៃទី៥ ខែកញ្ញា ខាងមុខ

ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានចូលទីលាន AUPP ហ្វឹកហាត់ថ្ងៃដំបូង ក្រោយបញ្ចេញបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប៉ះជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា វគ្គជម្រុះជុំទី២-តំបន់អាស៊ី ពូល C។

គេសង្កេតឃើញថា បញ្ជីឈ្មោះបឋមកីឡាករ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសមានចំនួន ៣៥នាក់ ខណៈបញ្ជីឈ្មោះផ្លូវការរបស់ក្រុមកីឡាករ មានតែ ២៣នាក់ មានន័យថា គ្រូបង្វឹកនឹងចម្រាញ់កីឡាករខ្លាំងៗចំនួន ២៣នាក់ ក្នុងចំណោមកីឡាករ ៣៥នាក់ ដើម្បីត្រៀមស្វាគមន៍ក្រុមភ្ញៀវ ហុងកុង។

ក្រឡេកមកមើលសកម្មភាពក្នុងជំរុំហ្វឹកហាត់ថ្ងៃដំបូងម្សិលមិញវិញ គេឃើញមានវត្តមានគ្រូបង្វឹក Felix G-Dalmas ខណៈដែលអ្នកចាត់ការទូទៅលោក Keisuke Honda មិនបានបង្ហាញវត្តមានក្នុងទីលានហ្វឹកហាត់ឡើយ ដែលនេះទំនងជាលោកមានការរវល់នៅក្លិប។ យ៉ាងណាអ្នកគាំទ្រ រំពឹងថា នឹងមានវត្តមានរបស់ Honda នាថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះដើម្បីដឹកនាំក្រុម តទល់នឹង ហុងកុង។

សូមជម្រាបថា បញ្ជីឈ្មោះបឋមកីឡាករគោព្រៃកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅ មានចំនួន ៣៥នាក់ មកពី ៩ក្លិបខ្លាំងៗក្នុងការប្រកួតនៅលីគកំពូលកម្ពុជា ក្នុងនោះមកពីក្លិបបាល់ទាត់ វិសាខា ១០នាក់, ភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ណាហ្គាវើលដ៍ ៤នាក់, បឹងកេត ៤នាក់, ក្រសួងការពារជាតិ ៣នាក់ ខណៈអង្គរថាយហ្គឹរ, គិរីវង់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ៗដូចគ្នា៕