• Cambodia Peace Channel

ចូរប្រុងប្រយ័ត្ន ! ខ្យល់កន្ត្រាក់ បក់បោកតូបលក់គុយទាវពលរដ្ឋ ខណៈក្រសួងធនធានទឹក អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន

កណ្តាល៖នៅថៃ្ងទី៣០ ខែសីហា វេលាម៉ោង ១៣៖១៥នាទីរសៀល មានករណីខ្យល់កន្ត្រាក់មួយកើតឡើងបណ្ដាលឲ្យប៉ះពាល់ និងខូចខាតដំបូលតូបលក់គុយទាវមួយកន្លែងធ្វើអំពីឈើប្រក់សង្ក័សី ដែលមានទំហំ ៥x១៥ តែមិនមានឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ​។

ហេតុការណ៍នេះកើតឡើងនៅចំណុចកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ នេះបើតាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា ក្រសួងធនធានទឹក ក៏បានប្រកាសដែរថា នៅកម្ពុជាកំពុងរងនូវឥទ្ធិពល ព្យុះទី១២ PODUL ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយក្រសួងធនធានទឹក ក៏អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕