• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមមន្រ្តីជំនាញជួសជុលសង្គ្រោះជាបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

សៀមរាប៖ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។
មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។
ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។
លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ព័ន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន។
ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង៤របស់ប្រាសាទអង្គរវត្តដែរ៕