• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមរើគំនរថ្ម និងរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណ នៅប្រាសាទបាយ័នឡើងវិញ

សៀមរាប៖ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដែលអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័ន។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា បច្ចុប្បន្ន កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញដើម្បីជួសជុល។
ចំណែក ប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។
កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះគឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។
អ្នកជំនាញពន្យល់ថា កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង។កាលណាដីល្បាប់ខ្សាច់ហូរចេញពីប្រាសាទច្រើនគឺវានឹងធ្វើឱ្យគ្រឹះប្រាសាទខ្សោយ៕