• Cambodia Peace Channel

កញ្ញា សូរីកា ៖ ខ្ញុំលក់សមេ្លងមិនមែនលក់ខ្លួនទេ !

ភ្នំពេញ៖កញ្ញា សូរីកា​ ក្រោយពីឈានចូលក្នុងវិថីតារារួចមក​ ដោយបានឆ្លងកាត់ការប្រឡងក្នុងកម្មវិធី The Voice Cambodia បើទោះបីជាមិនបានទទួលជ័យលាភីក្នុងកម្មវិធីនោះក៏ដោយ ក៏កញ្ញាសូរីកា​ នៅតែមានប្រជាប្រិយភាពខ្ពស់​ដដែល​។

នាង​ បានដឹងមុនថា នាងនឹងជួបឧបសគ្គជាច្រើនក្នុងវិថីតារា តែនាងមិនបោះបង់វិស័យចម្រៀងមួយនេះទេ ព្រោះនាងស្រលាញ់ការច្រៀងតាំងពី​ក្មេង​មកម៉្លេះ​ ។

កញ្ញា សូរីកា បានបង្ហោះសារមួយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ថា​ “ក្នុងពេលដែលនាងខ្ញុំជាតារាចម្រៀងម្នាក់ នាងខ្ញុំដឹងរួចមកហើយថាត្រូវប្រឈមមុខនឹងការ​រិះគន់​អ្វីខ្លះ។ តែនាងខ្ញុំមានខ្លួនតែមួយមិនអាចទៅតម្រូវចិត្តមនុស្សរាប់លាននាក់បានទេ ហើយក៏ដឹងថាមានអ្នកស្អប់និងអ្នកស្រលាញ់ នាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលស្រលាញ់គាំទ្រនាងខ្ញុំរហូតមក។ តែក៏សុំនិយាយបន្តិច បងប្អូនមួយចំនួនចូលចិត្តរិះគន់ថាគេមិនស្អាត រឺក៏ចេះ ចុះ សួរថាមនុស្សណាម្នាក់ដែលមិនចង់កើតមកស្អាត ប៉ុន្តែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន ព្រោះតារាចម្រៀងត្រូវការសមត្ថភាពក្នុងការច្រៀងជាចំបង រូបសម្បត្តិបន្ទាប់បន្សំ ព្រោះខ្ញុំលក់សម្លេង មិនមែនលក់ខ្លួន”។

នាង​ សូរីកា​ បន្តថា​ “អរគុណដល់ព្រហ្មលិខិតដែលបានកំណត់អោយម្តាយខ្ញុំបង្កើតនាងខ្ញុំមកអោយមានមាត់ចេះប្រើក្នុងការនិយាយស្តី និងសម្លេងដែលអាចច្រៀងបានតិចតួច និងចេះប្រើភាសាមនុស្ស មិនមែនភាសាសត្វធាតុ”។

គួររំលឹកថា កញ្ញា សូរីកា ជាតារាចម្រៀងម្នាក់ដែលអាចច្រៀងបត់បែនតាមទម្រង់បទចម្រៀងផងដែរ៕

ដោយ៖​ម៉ាន​ សារ៉ា​ហ្វីន