• Cambodia Peace Channel

ផ្លូវការហើយ ! ចាន់ វឌ្ឍនាកា បានចែកផ្លូវជាមួយក្លិប PKNS FC

ម៉ាឡេស៊ី៖ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា បានបញ្ចប់កុងត្រាជាមួយក្លិប PKNS FC នៃលីគកំពូលម៉ាឡេស៊ីហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី La BOLA Malaya ។

នៅក្នុងការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីដដែល បញ្ជាក់ថា ការចែកផ្លូវរបស់ខ្សែប្រយុទ្ធរូបនេះ ពុំទាន់មានសេចក្តីថ្លែងការណាមួយពីក្លិបនៅឡើយទេ ប៉ុន្តែអាចជាកត្តាសមត្ថភាពប្រយុទ្ធនៅលើទីលាននៅមានកម្រិត ទើបជាមូលហេតុនៃការចែកផ្លូវជាមួយក្លិប PKNS FC ។

ប្រភពដដែល បន្តថា ការបញ្ចប់កិច្ចសន្យាជាមួយ ចាន់ វឌ្ឍនាកា ក្លិប PKNS FC ត្រៀមនឹងនាំចូលកីឡាករថៃកូនកាត់ន័រវេ ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធជំនួសវិញ ខណៈក្លិបនេះ នៅប៉ុន្មានប្រកួតចុងក្រោយហាក់ធ្វើមិនបានល្អសោះ ពិសេសតំបន់ប្រយុទ្ធ ។

សូមរម្លឹកថា ក្រោយការចែកផ្លូវគ្នារវាង ខ្សែប្រយុទ្ធអតីតក្លិបបឹងកេត និងក្លិប PKNS FC កាលពីថ្ងៃទី២៩ កន្លងទៅ នេះជាលើកទី២ ហើយ ក្នុងអាជីពបាល់ទាត់របស់ វឌ្ឍនាកា នៅលីគកំពូលម៉ាឡេស៊ី ពោលកាលពីលើកទី១ ខ្សែប្រយុទ្ធរូបនេះបានចែកផ្លូវជាមួយក្លិប Pahang FC ផងដែរ កាលពីឆ្នាំ២០១៨ កន្លងទៅ ៕

ដោយ៖ស្រ៊ីប ឡានី