• Cambodia Peace Channel

ផ្លូវការហើយ ! លោក Antonio Conte នឹងត្រូវដឹកនាំក្លិប Inter Milan ក្នុងកុងត្រារយៈពេល៣ឆ្នាំ

អ៊ីតាលី៖លោក Antonio Conte បានចុះកិច្ចសន្យាចំនួន៣ឆ្នាំ មកដឹកនាំក្លិប Inter Milan នៅកីឡដ្ឋាន San Siro ហើយជាការងារដំបូងរបស់លោក ក្រោយចាកចេញពីតោខៀវ Chelsea រយៈពេលជាង១ឆ្នាំមកនេះ។ នេះយោងតាមការចុះផ្សាយនៅលើគេហទំព័រ skysports ។

គ្រូបង្វឹកថ្មីរបស់ក្លិប Inter Milan បានលើកឡើងថា “នេះជាទំព័រជីវិតថ្មីរបស់ខ្ញុំ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះការងារនេះ ខ្ញុំប្តេជ្ញាចិត្តនឹងធ្វើវាឲ្យអស់ពីចិត្ត ដើម្បីជាការផ្តល់ទំនុកចិត្តដល់ប្រធាននាយក និងអ្នកដែលទុកចិត្តខ្ញុំ” ។

ដោយឡែកប្រធានក្លិប Inter Milan លោក Steven Zhang បានបញ្ជាក់ថា “ខ្ញុំជឿជាក់ថា Antonio Conte ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់នៅទីនេះ ហើយខ្ញុំកាន់តែជឿជាក់ថា គាត់នឹងជួយយើងសម្រេចគោលបំណង និងបំពេញបេសកកម្មបានល្អ ហើយក្លិបនេះនឹងក្លាយជាក្លិបដ៏ល្អបំផុតម្តងទៀតលើលោក” ។

សូមជម្រាបថា លោក Antonio Conte គឺជាអតីតគ្រូបង្វឹកតោខៀវរយៈពេល ២ឆ្នាំ នឹងបានដឹកនាំ Chelsea ឱ្យឈ្នះពាន Premier League និង FA Cup ក្នុងអំឡុងលោកដឹកនាំក្រុមនេះនៅអង់គ្លេសផងដែរ ៕

ដោយ៖ស្រ៊ីប ឡានី